Yearendyearend1140x150

ការសាងសង់«ព្រលានយន្តហោះសៀមរាបអង្គរ»អាចយឺតជាងផែនការដោយសារសូន្យកូវីដរបស់ចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖គិតត្រឹមដំណាច់ខែ សីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៤០.៦៧% ហើយរំពឹងថា ការសាងសង់ព្រលានយន្តហោះនេះ នឹងសម្រេចបាន៧០% នៅចុងឆ្នាំនេះ។គម្រោងនេះ អាចនឹងយឺតជាងផែនការរបស់ក្រុមហ៊ុនដែលបានរំពឹងទុក។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍ ការសាងសង់ព្រលានយន្តហោះនេះអាចនឹងមានការយឺតយ៉ាវជាងផែនការដែលបានរំពឹងទុកដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិនដែលបានផ្ដល់ផលអវិជ្ជមានដល់ច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញ-ចូល របស់វិស្វករជំនាញ។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ដើម្បីជំរុញការងារនេះអាកាសចរណ៍ស៊ីវិលកម្ពុជា កំពុងធ្វើការងារជាមួយភាគីពាក់ព័ន្ធចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងផ្ទាល់កាលពីថ្ងៃទី១១-១២ កញ្ញា ឆ្នាំ២០២២ ដោយបានណែនាំ និងជំរុញដល់ក្រុមហ៊ុនសាងសង់ ត្រូវខិតខំព្យាយាម និង ពន្លឿនការសាងសង់ ឱ្យបានរួចរាល់តាមផែនការ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីកើតឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង