
អឺរ៉ុប៖ ប្រជាជនមកពីបណ្តាប្រទេសនានានៅអឺរ៉ុប បាននាំគ្នាចុះដើរតាមផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃថាមពលដែលបណ្តាលមកពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ការតវ៉ានេះ កើតឡើងចំពេលមានការព្រួយបារម្ភពីតម្លៃថាមពលកាន់តែខ្លាំងឡើង។
ក្រោយមានទណ្ឌកម្មលើប្រទេសរុស្ស៊ីវិបត្តិថាមពលនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសក្នុងអឺរ៉ុប បានហក់ឡើងក្នុងតម្លៃខ្ពស់គួរឱ្យព្រួយបារម្ភ ខណៈតម្រូវការកើនឡើង។ នៅទីក្រុង វីយែន រដ្ឋធានីនៃប្រទេសអូទ្រីស បាតុករជិត ៣ពាន់នាក់ បានចេញមកតវ៉ាប្រឆាំងនឹងការឡើងថ្លៃថាមពល តម្លៃរស់នៅខ្ពស់ និង អតិផរណាខ្ពស់ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ក្រុមអ្នកតវ៉ាជាច្រើន បានទាមទារឱ្យបញ្ចប់ "ការដាក់ទណ្ឌកម្ម "ព្រោះវាស្នើនឹងធ្វើអត្តឃានខ្លួនឯង និង ថ្កោលទោសសកម្មភាពរបស់អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាម៉េរិក សម្រាប់ការបង្កជម្លោះ និង ធ្វើឱ្យស្ថានភាពសន្តិសុខនៅអឺរ៉ុបកាន់តែអាក្រក់ទៅៗ។
ការតវ៉ាស្រដៀងគ្នានេះក៏បានកើតឡើងនៅប្រទេសបារាំង អាល្លឺម៉ង់ សាធារណរដ្ឋឆេក និង ប្រទេសផ្សេងទៀតដែលសុទ្ធតែទាមទារឱ្យរដ្ឋាភិបាលប្រទេសខ្លួនធ្វើយ៉ាងណារកដោះស្រាយ ដើម្បីរក្សាស្ថិរភាពតម្លៃថាមពលដែលកើនឡើង។
គួរបញ្ជាក់ថា អឺរ៉ុបទទួលរងពីការដាក់ទណ្ឌកម្មខ្លាំងជាងគេ ក្រោយពីសហរដ្ឋអាម៉េរិកប្រកាសប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលជាវិធានការមួយដែលបានធ្វើឱ្យប្រទេសជាច្រើនជាប់គាំងយ៉ាងខ្លាំង នៅក្នុងវិបត្តិថាមពលដែលកំពុងកើនឡើង៕