Yearendyearend1140x150

ទីភ្នាក់ងារទេសចរណ៍៖ការសម្បទានរបស់កម្ពុជាកាន់តែទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា  

ភ្នំពេញ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា មកទល់ពេលនេះភ្ញៀវទេសចរបរទេសអាចនឹងកាន់តែមានចំណាប់អារម្មណ៍ក្នុងការធ្វើដំណើរកម្សាន្តនៅកម្ពុជា ហើយអាចនឹងមកកម្សាន្តជាលក្ខណៈក្រុមធំៗ(មនុស្សច្រើន)។ កត្តាដែលធ្វើឱ្យភ្ញៀវទេសចរបរទេសកាន់តែចាប់ងារម្មណ៍នោះ គឺដោយសារតែបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលនូវលក្ខខណ្ឌមួយចំនួនធំដល់ការធ្វើដំណើររបស់ជនបរទេសចូលមកកម្ពុជា ជាពិសេសជនបរទេសដែលស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើង អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានដោយឥតគិតថ្លៃសម្រាប់១ឆ្នាំម្ដង។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា លោកជំទាវគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញទេសចរ ក៏ដូចជាធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាមានភាពរស់រវើកឡើងវិញ ដែលក្នុងនោះមានទាំងការបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចទេសចរណ៍ ការដកចេញនូវលក្ខខណ្ឌកូវីថមួយចំនួនធំ សកម្មភាពនៃការភ្សព្វផ្សាយទេសចរណ៍ ការស្នើសុំបណ្ណទស្សនារមណីយដ្ឋានអង្គរដោយឥតគិតថ្លៃជាដើម ហើយកត្តាទាំងនេះ កាន់តេកាត់បន្ថយសម្ពាធ និងពិតជាត្រឹមត្រូវបំផុតសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះបញ្ជាក់ថា ជនបរទេសដែលស្នាក់នៅកម្ពុជាក្នុងរយៈពេលច្រើនឆ្នាំគឺមានចំនួនច្រើនគួរសម និងបានរស់នៅប្រទេសកម្ពុជាជាលក្ខណៈគ្រួសារ ហើយការចេញដើរកម្សាន្តក៏មានលក្ខណៈជាគ្រសួសារផងដែរ ដូចនេះការអនុវត្តវិធានការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញទេសចរគឺពិតជាត្រឹមត្រូវ។ ម្យ៉ាងទៀត នារយៈពេលចុងក្រោយនេះ សេវាកម្មទេសចរណ៍ក៏បានងើបឡើងវិញស្ទើទាំងស្រុង ហេដ្ឋារចនាសម្ព័ន្ធល្អ ទីកន្លែងទេសចរណ៍ស្អាតៗ ផលិតផលល្អៗ តម្លៃពិសេសៗ ជាហេតុធ្វើឱ្យទេសចរកាន់តែមានទំនុកចិត្តក្នុងការមកកម្សាន្តនៅកម្ពុជា ជាពិសេសងាចមកកម្សាន្តជាលក្ខណៈគ្រួសារ និងជាក្រុមធំៗច្រើនជាងមុន។

លោកជំទាវបន្ថែមទៀតថា ចលនានៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរនៅកម្ពុជាគឺមានការកើនឡើងបន្តិចម្ដងៗ ហើយបើតាមរបាយការណ៍ពីសមាជិកទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញថាភ្ញៀវទេសចរបរទេសជាច្រើននៅតែបន្តប្រើប្រាស់សេវាកម្មរបស់ទីភ្នាក់ងារទេសចរណ៍តាមរយៈសមាជិករបស់ទីភ្នាក់ងារ ហើយសមាជិកនីមួយៗគឺបានចូលបម្រើការងារតាមវិជ្ជាជីវៈវិញបានមយយចំនួនធំ ហើយបច្ចុប្បន្នកំពុងមមារញឹកច្រើនក្នុងការទទួលភ្ញៀវ និងកំពុងបញ្ជាក់ពីតម្លៃ ព័ត៌មាន ការដេញថ្លៃយកក្រុមធំៗសម្រាប់ខែក្រោយៗនិងឆ្នាំក្រោយៗទៀតផងដែរ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ានដែលបានបើកប្រទេសក្នុងការទេសចរអន្ដរជាតិឡើងវិញ ដែលធ្វើឱ្យក្នុងឆមាសទី១ ឆ្នាំ២០២២ ទេសចរអន្ដរជាតិចូលមកកម្ពុជាមានការកើនឡើងរហូតដល់ ៣៩៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ភាគច្រើននៃភ្ញៀវទេសចរអន្ដរជាតិ មកពីប្រទេសវៀតណាម ថៃ ចិន អាមេរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងប្រទេសអូស្ត្រាលី ជាដើម។

ដោយឡែក ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង