ភ្នំពេញ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ ចិននៅតែជាប្រទេសនាំមុខគេ ដែលបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ។
សហព័ន្ធបានឲ្យដឹងថា កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៣៨៩ ០០០តោន កើនឡើង ១៣.២៦% បើប្រៀបធៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ក្នុងនោះ ចិននៅតែជាប្រទេសនាំមុខគេ ដែលបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ។
ជាក់ស្តែង ក្នុងរយៈពេល៨ខែនេះ ការនាំអង្ករចេញទៅកាន់ប្រទេសចិន បានចំនួន ១៧៨ ១៤២ តោន ស្មើនឹង ៤៦% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួនជាង ៩៤.៥៧ លានដុល្លារសហរដ្ឋអាមេរិក។
បើតាមរបាយការណ៍ ប្រភេទអង្ករដែលបាននាំចេញ រួមមានអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៦៥.៨% អង្ករសចំនួន ២៩.៩១% អង្ករសរីរាង្គចំនួនជិត ២% អង្ករចំហ៊ុយ ចំនួនជាង២% និងអង្ករដំណើបចំនួន ០.០១%៕