
ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិន ពីង នាថ្ងៃ ៩កញ្ញានេះបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្សត្រី Elizabeth II ដែលទ្រង់ទើបតែសោយទិង្គតកាលពីម្សិលមិញនេះ ដែលការចាកចេញរបស់ទ្រង់គឺជាការបាត់បង់មួយដ៏ធំសម្រាប់ប្រជាពលរដ្ឋអង់គ្លេស។
លោកស៊ី ជិនពីង បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II និងបានសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះគ្រួសាររាជវង្ស រដ្ឋាភិបាល និងប្រជាជនអង់គ្លេសទាំងអស់។
នៅក្នុងសាររបស់គាត់ លោក ស៊ី បាននិយាយថា ម្ចាស់ក្សត្រី Elizabeth II ដែលជាស្តេចដែលសោយរាជ្យយូរបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស បានទទួលបានការសាទរយ៉ាងទូលំទូលាយ ដោយកត់សម្គាល់ថា ម្ចាស់ក្សត្រី Elizabeth II គឺជាព្រះមហាក្សត្រអង់គ្លេសដំបូងគេដែលបានយាងទៅប្រទេសចិន ហើយការសោយទិវង្គតរបស់ទ្រង់គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជនអង់គ្លេស។
លោក ស៊ី បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អង់គ្លេស ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយស្តេច Charles III ដើម្បីប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រីចិន លោក លីខឺ ឈាង បានផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីអង់គ្លេស គឹលោកស្រីLiz Truss ចំពោះការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II និងបានសម្តែងការអាណិតអាសូរដល់សមាជិកគ្រួសាររបស់ព្រះមហាក្សត្រី និងរដ្ឋាភិបាលអង់គ្លេសជាខ្លាំង។
គួរបញ្ជាក់ថាព្រះមហាក្សត្រិយានី Elizabeth II បានទទួលមរណភាពនៅរសៀលថ្ងៃព្រហស្បតិ៍នៅក្នុងព្រះបរមរាជវាំងរបស់ព្រះនាង។ ព្រះមហាក្សត្រិយានីបានឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ហើយបានផ្លាស់ប្តូរសង្គមដ៏ធំសម្បើមមួយសម្រាប់ចក្រភពអង់គ្លេសទាំងមូល ហើយទ្រង់ក៏ជាអ្នកគ្រងរាជ្យយូបំផុតផងដែរក្នុងប្រទេសអង់គ្លេស៕