Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅហូជីមិញដើម្បីទាក់ទាញទេសចរមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ព្រមទាំងសិល្បករ ក្រុមហ៊ុនឯកជនប្រមាណជាង១០០នាក់ ចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្ដរជាតិឆ្នាំ២០២២ ឬហៅកាត់ថា ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា សំដៅទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងឱកាសនេះ លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា នេះគឺជាលើកទី១៦ហើយដែលកម្ពុជាបានចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិនៅប្រទេសវៀតណាម ដោយមានពន្លារបស់ព្រះរាជាណាចក្រកម្ពុជា រៀបចំតុបតែងនិងមានរចនាបថជារូបពហុកីឡដ្ឋានជាតិមរតតេជោ ក្នុងគោលបំណងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកឯកជន (Co-Exhibitors) ចំនួន១២ក្រុមហ៊ុន ដើម្បីផ្តល់ព័ត៌មាននិងផ្សព្វផ្សាយលក់កញ្ចប់ទស្សនកិច្ចរបស់ខ្លួនជាមួយអថិតិជនដោយផ្ទាល់។

លោកបន្តថា នៅក្នុងពន្លារបស់កម្ពុជាក៏មានការចាក់វីដេអូស្ប៉តបង្ហាញពីតំបន់គោលដៅទេសចរណ៍សំខាន់ៗ និងមានការសម្តែងរបាំជូនភ្ញៀវទស្សនាជាប្រចាំ ហើយចំពោះផ្នែកឯកជនដែលមាន១២ក្រុមហ៊ុនក៏មានសកម្មភាពណាត់ជួបជាមួយដៃគូផ្តល់ព័ត៌មាន និងលក់កញ្ចប់ទស្សនកិច្ចមកទស្សនាកម្ពុជាជូនភ្ញៀវទេសចរវៀតណាម និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោកផងដែរ។

ប្រធាននាយកដ្ឋានរូបនេះបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈព្រឹត្តិការណ៍ខាងលើ ក្រសួងទេសចរណ៍មានការរំពឹងថាកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនវៀតណាមឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនថែមទៀតនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរអន្តរជាតិឆ្នាំ២០២២ (International Travel Expo Ho Chi Minh City 2022) ធ្វើឡើងចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិជាង៣០០ស្តង់ អ្នកសារព័ត៌មាន និងអ្នកទិញអន្តរជាតិប្រមាណជាង១៥០នាក់ មកពីបណ្តាប្រទេសជាង៥០ក្នុងតំបន់និងពិភពលោក ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតឱ្យកាន់តែទូលំទូលាយ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នាបើកទទួលទេសចរអន្តរជាតិឡើងវិញ។ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្ដរជាតិ (ITE HCMC 2022)។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង