មូស្គូ៖ ប្រមុខមេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង នៅថ្ងៃទី ៧ កញ្ញា បានជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ជាជំនួបដែលធ្វើឡើងក្នុងនាមប្រទេសរុស្ស៊ីទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ា។ក្នុងកិច្ចប្រជុំនោះ លោក មីន អ៊ុងឡាំង សរសើរលោកពូទីនថា “ជាកំពូលមេដឹកនាំលេខ១លើពិភពលោក”។
ផ្តើមកិច្ចជំនូបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះទំនាក់ទំនង "វិជ្ជមាន" ជាមួយប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ខណៈដែលលោកបានជួបជាមួយប្រមុខយោធារបស់ប្រទេសនេះ លោក មីន អ៊ុងឡាំង នៅទីក្រុង Vladivostok ភាគខាងកើតរបស់ប្រទេសរុស្ស៊ី។
បើតាមលោកពូទីន "មីយ៉ាន់ម៉ា គឺជាដៃគូដ៏យូរអង្វែង និង គួរឱ្យទុកចិត្តរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកបន្តថា ទំនាក់ទំនងរបស់យើងកំពុងអភិវឌ្ឍក្នុងលក្ខណៈវិជ្ជមាន" ។
ចំណែក លោក មីន អ៊ុងឡាំង បានប្រាប់លោក ពូទីន ថា “ខ្ញុំមានមោទនភាពចំពោះលោក ពីព្រោះនៅពេលដែលលោកឡើងកាន់អំណាចក្នុងប្រទេស រុស្សីអាចនិយាយបានថាលោកបានក្លាយជាកំពូលមេដឹកនាំលេខ ១ នៅលើពិភពលោក។ លោកបន្ថែមថា "យើងនឹងហៅអ្នកមិនមែនគ្រាន់តែជាមេដឹកនាំនៃប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាមេដឹកនាំនៃពិភពលោក ដោយសារតែអ្នកគ្រប់គ្រង និងរៀបចំស្ថិរភាពនៅជុំវិញពិភពលោកទាំងមូល" ។
មេដឹកនាំទាំងពីរ បានប្រកាសរួមគ្នាថា "មិត្តភាព និងបើកចំហ" បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និង "ផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនង និងស្ថានភាពអន្តរជាតិ" ។ ចាប់តាំងពីការទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈឆ្នាំមុន មីយ៉ាន់ម៉ា បានប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការធ្លាក់ចុះនៃទំនាក់ទំនង។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ ហើយសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះដុនដាបជាខ្លាំងខណៈដែលរបបយោធាកំពុងតស៊ូដើម្បីបង្ក្រាបការតស៊ូរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ រុស្ស៊ី និងចិនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវបានចោទប្រកាន់ពីបទបំពាក់អាវុធដល់របបយោធាមីយ៉ាន់ម៉ាជាមួយអាវុធដែលប្រើដើម្បីវាយប្រហារជនស៊ីវិលចាប់តាំងពីរដ្ឋប្រហារមក។ យោងតាមអ្នកឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា មនុស្សជាង ២ ២០០ នាក់ត្រូវបានសម្លាប់ក្នុងការបង្ក្រាប។ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Naypyidaw នៅដើមខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់របបយោធាក្នុង "ស្ថិរភាព" ប្រទេស និងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយ៕