ភ្នំពេញ៖ក្រសួងការងារ និង បណ្តោះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៧ កញ្ញានេះ បានចេញនូវសេចក្តីជូនដំណឹងពី ការឈប់សម្រាករបស់កម្មករ-និយោជិតនាឱកាសភ្ជុំបិណ្ឌឆ្នាំ២០២២។ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងបានបញ្ជាក់ថា កម្មករធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌមានសិទ្ធិទទួលនូវប្រាក់បន្ថែម។
យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ពុំមានការលើកថ្ងៃឡើយ បើទោះចំថ្ងៃចុងសប្ដាហ៍ សៅរ៍-អាទិត្យ ក្ដី ខណៈរោងចក្រ សហគ្រាសណា ដែលមិនអាចឱ្យបុគ្គលិកឈប់ព្រមគ្នាក្នុងពេលតែមួយបាន អាចបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា និង មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែម។
បើតាមសេចក្ដីជូនដំណឹង ចំពោះរោងចក្រសហគ្រាសណាដែលអាជីវកម្មមានលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន មិនអាចឱ្យបុគ្គលិកឈប់ព្រមគ្នាក្នុងពេលតែមួយបាន នោះស្ថាប័នត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា។ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាម៉ីនិងនិយោជក ឬមាន ចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ។
ក្រសួងការងារបញ្ជាក់ថា៖ «កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌ[ឆ្នាំ២០២២]នេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។»
គួររំលឹកថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចាប់ពីថ្ងៃទី២៤-២៥-២៦ ដែលត្រូវនឹងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃចន្ទ ក្នុងខែកញ្ញា ឆ្នាំ២០២២។
