Yearendyearend1140x150

ឧកញ៉ា លឹម ហេង៖កម្ពុជាកាន់តែមានសក្តានុពលសម្រាប់ទាក់ទាញការវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា សកម្មភាពនៃការវិនិយោគនៅកម្ពុជាក្នុងរយៈពេល៨ខែនេះគឺមានសភាពល្អប្រសើរ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងឈ្នះលើការរីករាលដាលជំងឺកូវីដ ដែលបានធ្វើឱ្យវិនិយោគិននានាសម្លឹងឃើញកម្ពុជាកាន់តែមានសក្តានុពល ទន្ទឹមនឹងពេលដែលកម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងកិច្ចព្រងព្រៀងអាសិប ក៏ដូចជាការអនុវត្តនូវច្បាប់វិនិយោគថ្មីជាដើម។ នេះជាប្រសាសន៍លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ស៊ីស៊ីថាមស៍។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ការវិនិយោគនៅកម្ពុជាទាំងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកទទួលការលើកទឹកចិត្តច្រើន ព្រោះបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានយកឈ្នះលើស្ថានភាពកូវីដ-១៩ ក៏ដូចជាបានដាក់ចេញនូវការអនុវត្តច្បាប់វិនិយោគថ្មីដែលជាឈ្នាន់មួយក្នុងការទាក់ទាញការវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ហើយក៏មានការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗនៃការធ្វើបែបបទអាជីវកម្មអនឡាញ ដែលបានជួយសម្រទួលដល់ការធ្វើពាណិជ្ជកម្មកាន់តែច្រើននៅកម្ពុជា។

លោកឧកញ៉ាបន្តថា មកដល់បច្ចុប្បន្ននេះ ការចុះបញ្ជីវិនិយោគនៅកម្ពុជាគឺទទួលបានចំនួនច្រើន ដែលភាគច្រើនវិនិយោគលើវិស័យមិនមែនជាវិស័យកាត់ដេរ តែជាអនុវិស័យដែលជាវិស័យគាំទ្រដូចជាផ្នែកកសិកម្ម ផ្នែកឧស្សាហកម្មធន់មធ្យមនិងធន់ធ្ងន់ ការដំឡើងរថយន្ត ការដំឡើងគ្រឿងបង្គុំផ្សេងៗ ក៏ដូចជាឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត វិស័យរ៉ែថាមពល និងការរុករងប្រេងជាដើម។

ចំពោះក្រុមហ៊ុនបរទេសដែលបានចុះបញ្ជីវិនិយោគនៅកម្ពុជា ឈរលំដាប់លេខ១គឺនៅតែជាក្រុមហ៊ុនចិន បន្ទាប់មកមានក្រុមហ៊ុនកូរ៉េ ជប៉ុន និង បណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត។ ក្រុមហ៊ុនទាំងនេះ បានវិនិយោគលើវិស័យជាច្រើននៅកម្ពុជាដូចជា វិស័យកាត់ដេរ រោងចក្រផលិតកង់រថយន្ត រោងចក្រតម្លើងរថយន្ត កសិ-ឧស្សាហកម្ម និងផ្សេងៗទៀត ហើយវិស័យទាំងនេះជាជន្ទល់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចកម្ពុជា។ នេះជាការលើកឡើងរបស់ឧកញ៉ា លឹម ហេង។

គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ(ចាប់ពីខែមករា ដល់ខែសីហា) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន១២៣គម្រោង ក្រោមទុនវិនិយោគប្រមាណជិត ៣,៣០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង