កណ្តាល៖ដើមពោធិព្រឹក្ស ចំនួន ៥០០ ដើម នឹងត្រូវបានរៀបចំពិធីបំបួសនៅជើងភ្នំព្រហ្មវិហារធម៌ មាត់បឹងច័ន្ទ ក្នុងរមណីយដ្ឋាន រាជិនីលង្វែក នៅថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ពិធីបំបួសនេះ រៀបចំអបអរសាទរនៃថ្ងៃទិវា ពិភពលោកគ្មានផ្សែង និង ដើម្បីបានជាម្លប់ពោធិសន្តិភាព ។
ដើម្បីញាំងកម្មវិធីឱ្យកាន់តែអធិកអធម រមណីយដ្ឋាន រាជិនីលង្វែក ថ្វាយបង្គំយាងនិមន្ត និង គោរពអញ្ជើញ សម្តេចព្រះមន្ត្រីសង្ឃ ព្រះរាជាគណៈ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួមប្រារព្ធ ពិធីបំបួសដើមពោធិព្រឹក្ស ចំនួន ៥០០ ដើមនេះ។
យោងតាមសេចក្តីជូនដំណឹង ប្រជាពលរដ្ឋដែលមានបំណងចង់ចូលរួមដាំ ឬ មាន ដើមពោធី ចង់ដាំនៅទីនោះ ក៏អាចចូលរួមដាំដោយក្តីរីករាយ និង ដោយសេរីតាមការគួរផងដែរ។
គួរបញ្ជាក់ថា រមណីយដ្ឋាន រាជិនីលង្វែក មានទីតាំងស្ថិតនៅ ភូមិពាមជំនិក ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្តាល (តាមបណ្តោយផ្លូវជាតិលេខ ៥ ចម្ងាយ ៧០០ម៉ែត្រ ពីអាហារដ្ឋាន សេះមាស១៦៨ កំពង់ហ្លួង បត់ស្តាំចូលក្លោងទ្វាររមណីយដ្ឋាន រាជិនីលង្វែក ចម្ងាយ ២.៥ គីឡូម៉ែត្រ)៕