ភ្នំពេញ៖រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី ៥ កញ្ញា បានជូនដំណឹងជាលើកទី២ដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរ ឬធ្វើអាជីវកម្មនានា ហើយរំលោភលើចិញ្ចើមផ្លូវសាធារណៈ។ក្នុងសេចក្តីជូនដំណឹងនោះ អភិបាលខណ្ឌមានជ័យថ្មី បានព្រមានរុះរើចេញដោយគ្មានការទទួលខុសត្រូវសង ចំពោះប្រជាពលរដ្ឋ ឬអាជីវករណាដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ។
យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌមានជ័យ បានស្នើសុំម្តងទៀតដល់ប្រជាពលរដ្ឋ ឬអាជីវករនានា ត្រូវបញ្ចប់ជាបន្ទាន់នូវអាជីវកម្មដែលកំពុងដាក់តាំងនានារំលោភលើចិញ្ចើមផ្លូវសាធារណៈចេញឱ្យអស់ចាប់ពីថ្ងៃទី៥ កញ្ញានេះ រហូតដល់ថ្ងៃទី ៧ កញ្ញា។
រដ្ឋបាលខណ្ឌមានជ័យ បានព្រមានថា ក្នុងករណីប្រជាពលរដ្ឋ អាជីវករមិនព្រមស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌមានជ័យនោះទេ អាជ្ញាធរនឹងចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវលើការខូតខាតទ្រព្យសម្បត្តិ សម្ភារៈផ្សេងៗដែលកំពុងដាក់តាំងលើផ្លូវសាធារណៈនោះទេ។ក្នុងករណីរារាំងដល់ក្រុមអាជ្ញាធរ ក្នុងពេលចុះប្រតិបត្តិការ នោះអាជ្ញាធរខណ្ឌនឹងរៀបចំជាឯកសារបន្តនីតិវិធីតាមច្បាប់ជាធរមាន៕