Yearendyearend1140x150

កម្ពុជា-គុយបាឯកភាពគ្នាជ្រោមជ្រែងអភិវឌ្ឍលើវិស័យនានារវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា)

ភ្នំពេញ៖ កម្ពុជា-គុយបា បានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្នធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង និងរួមគ្នាជួយជ្រោមជ្រែងអភិវឌ្ឍលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កីឡា និងសុខភាពសាធារណៈ។ ការឯកភាពនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ (Gerado Peñalver Portal)អនុរដ្ឋមន្រ្តីទី១ ក្រសួងការបរទេសគុយបា បានជួបពិភាក្សាការងារជាមួយលោកជំទាវ ឃួន សុដារី អនុប្រធាទី២នៃរដ្ឋសភា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋសភាជាតិកម្ពុជានៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោកជំទាវឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញដោយបានបញ្ជូនជំនួយជាគ្រូពេទ្យដើម្បីមកជួយពិនិត្យ ព្យាបាល ពលរដ្ឋកម្ពុជាក៏ដូចជាជួយស្តារឡើយវិញនូវវិស័យសុខាភិបាល ដែលកម្ពុជាបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនេះសរបញ្ជាក់ពីមិត្តភាពដ៏ប្រពៃក្នុងគ្រាដែលក្រលំបាក។

លោកជំទាវបានសម្តែងនូវការអបអរសាទរចំពោះការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា ទៅលើការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសំដៅលើការលប់បំបាត់រនាំង ឬឧបសគ្គនានាដែលរាំងស្ទះដល់កំណើនជីវភាពរបស់ពលរដ្ឋគុយបា និងបានសម្ដែងនូវមោទនភាពចំពោះប្រទេសគុយបា ដែលមានសមាជិកសភាជាស្រ្ដីច្រើនលើសលប់បំពេញការក្នុងរដ្ឋសភាគុយបាបច្ចុប្បន្ន រហូតដល់ចំនួន៥៣.២២% ក្នុងចំណោមសមាជិកសភា ៦០៥នាក់ ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក។

ទន្ទឹមនឹងនេះ អនុរដ្ឋមន្រ្តីទី១ក្រសួងការបរទេសគុយបា បានលើកឡើងថា រយៈពេល ៣ឆ្នាំកន្លងទៅនេះ ចំណងមិត្តភាពកម្ពុជា-គុយបា ត្រូវបានបង្អាក់ដោយសារតែមេរោគរាតត្បាតសកលកូវីដ-១៩។ ហេតុដូចនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងពង្រឹងនិងពង្រីកនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង