Yearendyearend1140x150

កម្ពុជា-ថៃឯកភាពលើផែនការសកម្មភាពជាង១០ចំណុច ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការស្ដារទេសចរណ៍ឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេសចរឡើងវិញ ភាគីកម្ពុជានិងភាគិថៃបានសម្រេចឯកភាពគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការជាង១០ចំណុច។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ ចំណុចទាំងជាង១០ចំណុចដែលភាគីទាំងពីរបានគូសរំលេចនូវការគាំទ្រគ្នាទៅវិញទៅមកលើទិសដៅអនាគត មានដូចខាងជា៖ ១. ក្នុងដំណាក់កាលនៃការស្ដារវិស័យទេសចរណ៍ពីវិបត្តិ ភាគីទាំងពីរនឹងជំរុញរៀបចំឱ្យបានឆាប់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍រួមនៃបណ្ដាខេត្តព្រំដែននៃប្រទេសទាំងពីរ (Cross-Border Joint Tourism Packages) ដែលនឹងជំរុញរំហូរទេសចរទៅវិញទៅមកទៅកាន់បណ្ដាខេត្តនៃប្រទេសទាំងពីរ។ ២. ភាគីទាំងពីរឯកភាពជំរុញលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់នៅគ្រប់គោលដៅទេសចរណ៍រវាងប្រទេសពីរ ក៏ដូចជាការសម្រួលការធ្វើដំណើរនៅតាមច្រកអន្តរជាតិនានាឱ្យកាន់តែប្រសើរថែមទៀត។៣. ភាគីទាំងពីរឯកភាពបន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខភាព ទេសចរណ៍ពុទ្ធសាសនា ទេសចរណ៍តាមនាវាសមុទ្រជាដើម។

ចំណែកចំណុចទី៤. ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើតនិងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ព្រះរាជាណាចក្រពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឱ្យមកទស្សនាប្រទេសទាំងពីរ។ ៥. ភាគីទាំងពីរនឹងរៀបចំឱ្យមាននាវាកម្សាន្តតាមសមុទ្រ ដែលរួមបញ្ចូលកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលនឹងគ្រោងប្រកាសបើកដំណើរការទទួលទេសចរតាមសមុទ្រនាពេលដ៏ខ្លីខាងមុខនេះ។

ជំណុចទី៦. ភាគីទាំងពីរបន្តជំរុញឱ្យមានទស្សនកិច្ចអ្នកជំនាញទេសចរណ៍រវាងប្រទេសទាំងពីរ ក្រោមក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដែលជាគម្រោងសាកល្បង សំដៅចែករំលែកបទពិសោធន៍ដល់ប្រទេសសមាជិកអាស៊ានផ្សេងៗទៀត។ ៧. ភាគីថៃបានគាំទ្រឱ្យមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែមដល់អ្នកបម្រើការងារកម្ពុជាដែលកំពុងបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋាកិច្ចក្នុងប្រទេសថៃ ដោយរដ្ឋាភិបាលថៃនឹងដាក់ចុះកញ្ចប់ថវិកាបណ្ដុះបណ្ដាលនេះ។

ចំណុចទី៨. ភាគីទាំងពីរនឹងសហការរៀបចំវេទិកាវិនិយោគក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរនាពេលវេលាសមស្របខាងមុខ ព្រមទាំងនឹងរៀបចំឱ្យមានជំនួបរវាងភាគីឯកជននៃវិស័យទេសចរណ៍ តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Fam-Trip) ក្នុងប្រទេសទាំងពីរ។ ៩. ភាគីថៃគាំទ្រនូវគំនិតផ្ដួចផ្ដើមកម្ពុជាជំរុញឱ្យព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ទេសចរណ៍កីឡាអាស៊ានដែលនឹងចូលរួមអភិវឌ្ឍន៍ទេសចរណ៍អាស៊ានផងដែរ។

ចំណុចទី១០. ភាគីថៃនឹងចែករំលែកបទពិសោធន៍លើការរៀបចំគណនីទេសចរណ៍រណប (Tourism Satellite Accounts) ដល់មន្ត្រីជំនាញទេសចរណ៍ ដើម្បីរៀបចំគណនីជាតិរបស់ខ្លួន។ រីឯចំណុចទី១១. ភាគីថៃក៏បានទទួលពិចារណាលើសំណើរបស់កម្ពុជាលើគំនិតផ្ដួចផ្ដើមបង្កើតឱ្យមានលេខាធិការដ្ឋានទេសចរណ៍អេកម៉ិក (ACMECS Tourism Secretariat) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង