Yearendyearend1140x150

ឥណ្ឌាធ្វើកម្មវិធីផ្សព្វផ្សាយទេសចរណ៍ជាមួយកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ភាគីឥណ្ឌាមកពីរដ្ឋមធ្យ័តប្រទេស (Madhya Pradesh) ដែលជារដ្ឋធំមួយនៅភាគកណ្ដាលឥណ្ឌានោះ បានរៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍ទៅកាន់រដ្ឋមធ្យ័តប្រទេស (Madhya Pradesh Roadshow) ជាមួយក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នឹងគ្នាឡើងវិញ។ កម្មវិធីនេះរៀបចំឡើងនារាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។

ឯកឧត្ដម Sheo Shekhar Shokla រដ្ឋលេខាធិការក្រសួងទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការណ៍ដែលក្រសួងទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស រៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍ទៅកាន់រដ្ឋមធ្យ័តប្រទេសនៅកម្ពុជា គឺដោយសារប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ ហើយនេះក៏ជាឱកាសរំលឹកនូវទំនាក់ទំនងឡើងវិញដែរ។

ឯកឧត្ដម Sheo Shekhar Shokla បានបន្តថា ក្រសួងទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស ក៏មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ក្រោយខកខានដោយសារវិបត្តិជំងឺកូវីដ១៩អស់រយៈពេល៣ឆ្នាំកន្លងមក ជាពិសេសជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រថានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជាបានឱ្យដឹងថា តាមរយៈកម្មវិធីនេះ សមាគមទេសចរណ៍កម្ពុជារំពឹងថានឹងជួយជំរុញការពន្លឿនការរៀបចំឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌា ដើម្បីឈានទៅជំរុញចលនាទេសចរពីគ្នាទៅវិញទៅមកឱ្យបានច្រើន ខណៈបច្ចុប្បន្នភ្ញៀវទេសចរត្រូវឆ្លងកាត់ប្រទេសទី២សិន មកទៅដល់ប្រទេសឥណ្ឌា ឬមកដល់ប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានឱ្យដឹងដែរថា កម្មវិធីបង្ហាញផ្លូវទេសចរណ៍នាពេលនេះនឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍នៃប្រទេសទាំងពីរ និងជួយពង្រឹងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំ។

បើតាមតំណាងភាគីឥណ្ឌា សាធារណរដ្ឋឥណ្ឌាក៏មានគម្រោងចង់ពង្រីកការហោះហើរមកកាន់កម្ពុជា ក៏ដូចជាប្រទេសជិតខាងផងដែរ។ បន្ទាប់ពីកម្មវិធីនេះ ភាគីឥណ្ឌានឹងពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកឱ្យមានការហោះហើរពីរដ្ឋមធ្យ័តប្រទេសនិងរដ្ឋមួយចំនួនទៀតនៅឥណ្ឌាមកកាន់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ានដទៃទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង