
ប៉េកាំង៖ គណបក្សកុម្មុយនិស្តចិន ដែលជាបក្សនយោបាយដ៏ធំជាងបង្អស់នៅលើពិភពលោក មានតំណាងជាង២ពាន់នាក់ និង សមាជិកសរុបជិត ១០០លាននាក់ នឹងរៀបចំសមាជបក្សលើកទី២០របស់ខ្លួន នៅថ្ងៃទី១៦ ខែតុលាខាងមុននេះ។លោក ស៊ី ជិនភីង បច្ចុប្បន្នជាអគ្គលេខាធិការបក្ស ត្រូវបានគេរំពឹងថា អាចនឹងបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស នៅអាណត្តិថ្មី ដោយសារមកដល់ពេលនេះ គឺមិនទាន់មានតំរុយណាដែលបង្ហាញថាមានការកំណត់បេក្ខភាពបន្តវេនថ្មីនៅឡើយទេ។
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅថ្ងៃទី ៣០ សីហាកន្លងទៅនេះ បានសម្រេចជ្រើសរើសយកថ្ងៃទី ១៦ តុលា ជាការរៀបចំសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង ខណៈសម័យប្រជុំពេញអង្គលើកទី៧នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លើកទី ១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែតុលា។មុនកិច្ចប្រជុំមកដល់ ការផ្តាស់ប្តូរក្បាល់ម៉ាស៊ីនគណបក្សកុម្មុយនិស្តចិន មានការចាប់អារម្មណ៍ខ្លាំងពីមជ្ឍដ្ឋានទូទៅ។
សមាជបក្សកុម្មុយនីស្តចិន ប្រារព្ធឡើងរៀងរាល់ ៥ឆ្នាំម្តង ហើយជាទម្លាប់មានរយៈពេលប្រហែលមួយសប្តាហ៍ ដែលនឹងប្រព្រឹត្តទៅជាលក្ខណៈកិច្ចប្រជុំបិទទ្វារ ដោយមានតំណាងគណបក្សប្រហែល ២,៣០០នាក់មកពីទូទាំងប្រទេសចូលរួមប្រជុំជ្រើសរើសគណៈកម្មាធិការកណ្តាលថ្មី ហើយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយក៏នឹងលេចចេញឡើងផងដែរ។
លោក ស៊ី ជិនភីង អគ្គលេខាធិការបក្ស បានកាន់អំណាចអស់រយៈពេល ១០ ឆ្នាំ ត្រូវបានគេគ្រប់គ្នាព្យាករណ៍ថា នឹងបំបែកច្បាប់ទម្លាប់ ដោយបន្តអាណត្តិលើកទីបីនៅក្នុងសមាជបក្សលើកទី ២០។គិតមកដល់ពេលនេះ គេមិនទាន់មានតំរុយណាដែលបង្ហាញថាមានការកំណត់បេក្ខភាពបន្តវេនថ្មីជំនួសតំណែងរបស់លោកស៊ីនៅឡើយនោះទេ។
យោងតាមមជ្ឈដ្ឋានទូទៅមានការជឿជាក់ថា ក្នុងរយៈពេលប្រាំឆ្នាំក្រោយលោក ស៊ី ជីនពីង នឹងមានអាយុ ៧៤ ឆ្នាំ តាមស្តង់ដារសុខភាពសម័យទំនើបនៅមិនទាន់ចាត់ទុកថា "ចាស់ជរា"ទេ យ៉ាងទៀតលោក ស៊ី ជីនពីង ក៏អាចទទួលតួនាទីយ៉ាងសំខាន់នៃ "មូលដ្ឋានសម្រេចទំនើបកម្មនៃសង្គមនិយម "។ ដូច្នេះ សមាជបក្សលើកនេះប្រហែលមិនជ្រើសរើសអ្នកថ្មីមកស្នងតំណែងលោកនោះទេ។
ចំណែកលោក លី ខឹឈាំង បច្ចុប្បន្នកាន់តំណែងជានាយករដ្ឋមន្ត្រីចិនមានអាយុ៦៧ឆ្នាំ នឹងចប់អាណត្តិរបស់ខ្លួន ក្រោយកាន់តំណែងរយៈពេល១០ឆ្នាំ។បេក្ខភាពចំនួនពីររូបដែលគេរំពឹងថា អាចមកជំនួសតំណែងលោក លី ខឹឈាំង គឺលោក វ៉ង យ៉ាង ( Wang Yang ) អាយុ៦៧ បច្ចុប្បន្នជាប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និង លោក ហ៊ូ ឈិនហ៊ង (Hu Chunhua) អាយុ៥៩ឆ្នាំ បច្ចុប្បន្ន ជាឧបនាយរដ្ឋមន្ត្រី៕