
ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahbaz Sharif បានប្រកាសថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយទឹកជំនន់ដ៏មហន្តរាយដែលបានបោកបក់ពេញប្រទេសរបស់គាត់នៅរដូវក្តៅនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង អ៊ីស្លាម៉ាបាដ លោក Sharif បានសម្តែងការដឹងគុណចំពោះការបង្ហាញសាមគ្គីភាពរបស់ប្រទេសចិន នៅពេលដែលប៉ាគីស្ថានកំពុងតែប្រយុទ្ធជាមួយសង្រ្គាមទឹកជំនន់ក្នងប្រទេសរបស់ខ្លួនអស់ជាច្រើនសប្តាហ៌។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ ការដឹកជញ្ជូនជំនួយដំបូងពីប្រទេសចិនបានមកដល់ទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន។ ជំនួយមនុស្សធម៌ដែលរួមមានតង់ និងការផ្គត់ផ្គង់ផ្សេងៗទៀតត្រូវបានប្រគល់ទៅឱ្យភាគីប៉ាគីស្ថាននៅក្នុងពិធីមួយដែលធ្វើឡើងនៅព្រលានយន្តហោះ។

លោក Sharif បាននិយាយថា ជំនួយពីប្រទេសចិននឹងជួយយ៉ាងខ្លាំងដល់ការប្រយុទ្ធរបស់ប៉ាគីស្ថានប្រឆាំងនឹងទឹកជំនន់។ លោកបន្តថាលើកនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ និងឧបត្ថម្ភជាច្រើនដល់ពួកយើង។ ចិនបាននាំយកតង់ ២៥,០០០តង់ ថ្នាំពេទ្យ បូករួមទាំងជំនួយផ្សេងៗទៀតដល់ប្រទេសប៉ាគីស្ថាន។ មេដឹកនាំប៉ាគីស្ថានបានសង្គត់ធ្ងន់ថាក្នុងគ្រាលំបាកបែបនេះ យើងពិតជាដឹងគុណខ្លាំងណាស់សម្រាប់ជំនួយ នឹងការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិន។
គួរបញ្ជាក់ថាប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយភ្លៀងមូសុងដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីខែមិថុនា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,១៦២ នាក់ និងរបួស ៣,៥៥៤ នាក់គិតត្រឹមថ្ងៃអង្គារកន្លងទៅមនុស្សជាង ៣៣លាននាក់នៅក្នុងប្រទេសបានរងផលប៉ះពាល់ដោយទឹកជំនន់ជាខ្លាំង៕