
ភ្នំពេញ៖ គម្រោងសាងសង់«ស្ពានអាកាស»ក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត នៅថ្ងៃទី ៣១ សីហនានេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅថ្ងៃនេះ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។គម្រោងសាងសង់«ស្ពានអាកាស»២កន្លែងនេះមានតម្លៃសរុបប្រមាណជាង ៤៦លានដុល្លារអាម៉េរិក។
ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។
ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។
ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» រីឯស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីបានដាក់ឈ្មោះថា «ស្ពានអាកាសគង់សំអុល»។សម្រាប់សម្តេច ហ៊ុន សែន បានចាត់ទុកស្ពានអាកាស២នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នររាជធានីភ្នំពេញ បានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និង ស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាម៉េរិកហើយ។ក្នុងនោះស្ពានអាកាសចំនួន៦ បានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់៕