Yearendyearend1140x150
Img 0571

កម្ពុជា-សហរដ្ឋអាម៉េរិកប្ដេជ្ញាចិត្តជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាម៉េរិក បានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការប្ដជ្ញាចិត្តនេះធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងាររវាងឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិកប្រចាំរដ្ឋ West Virginia នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ជំនួបជួបពិភាក្សាការងារនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានលើកឡើងពីទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ដែលមានការកើនឡើងយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីត-១៩ ក៏ដោយ។

លើសពីនេះ ឯកឧត្តម ក៏បានសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបានលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារៈធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានស្នើឱ្យសមាជិកសភាសហរដ្ឋអាម៉េរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន៖ បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។

ជាការឆ្លើយតប លោកជំទាវ និង ឯកឧត្តមសមាជិកសភាសហរដ្ឋអាម៉េរិក បានសម្តែងចំណាប់អារម្មណ៍ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុយពលរបស់កម្ពុជា និងកិច្ចការនានា ដែលសហរដ្ឋអាម៉េរិកអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង