Cctimesw1140xh150cm copy

«ជំនឿ»ខ្វះការពិចារណា អាចនឹងធ្លាក់ក្នុងអន្ទាក់នៃអាជីវកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋតម្រង់ជួរយកយកបាយម្ហូប នៅសៀមរាប ។រូបភាព៖រដ្ឋបាលខេត្តសៀមរាប

ភ្នំពេញ៖ នៅក្នុងសង្គមខ្មែរនាពេលកន្លងមក ជារឿយៗគេតែងតែសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកនៅទីជនបទ តែងនាំគ្នាផ្អើលលើ រឿងអបិយជំនឿ ឬ អភូតហេតុចម្លែកៗនានា ហើយនាំគ្នាដុតទៀនធូប និង រៀបចំពិធីផ្សេងៗ តាមការអូសទាញពីក្រុមមនុស្ស ឬមេបក្សនយោបាយជាដើម។ករណីមនុស្សជាច្រើនកំពុងផ្អើលនាំគ្នាទៅប្រមូលផ្តុំស្នាក់នៅក្នុងដីចម្ការរបស់ លោក ខឹម វាសនា ដែលតាំងខ្លួនថា ជាតួអង្គព្រហ្ម ស្ថិតនៅក្បែរជើងភ្នំគូលែន ខេត្តសៀមរាប គឺជារឿងថ្មីមួយទៀតសម្រាប់កម្ពុជា។ជំនឿដោយខ្វះការពិចារណានេះ អាចដោយសារភាពទន់ខ្សោយខាងផ្នែកអប់រំ ហើយវាងាយនឹងធ្លាក់ក្នុងអន្ទាក់ដែលរៀបចំឡើងដើម្បីទាញយកផលប្រយោជន៍អ្វីមួយ។

នៅប៉ុន្មានថ្ងៃកន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឃោសនាថា មានអភូតហេតុគ្រោះទឹកជំនន់លិចទូទាំងពិភពលោក ព្រមទាំងប្រទេសកម្ពុជាផង។ការឃោសនានេះ បានគោះទ្រូងអង្រួនបេះដូងពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសភាគច្រើនជាអ្នកគាំទ្រខ្លួនឱ្យ បោះបង់ចោលផ្ទះសម្បែង ការងារ និង មុខរបរ ហើយនាំគ្នាមកប្រមូលផ្តុំស្នាក់នៅក្នុងដីចម្ការរបស់លោក នៅក្បែរជើងភ្នំគូលែន ក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការប្រមូលផ្តុំគ្នានេះ បាននាំឱ្យពលរដ្ឋខ្លះបាត់បង់ការងារ ឬមុខរបរផ្សេងៗ ក្មេងៗមិនបានទៅសាលារៀន គ្មានអនាម័យបរិស្ថាន និង ពុំមានកន្លែងស្នាក់នៅសមរម្យ ហើយនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ សុខុមាលភាព តាមរយៈការខ្វះទឹកស្អាតប្រើប្រាស់ និង ការហូបចុកមិនបានគ្រប់គ្រាន់ ព្រមទាំងប្រឈមនឹងការឆ្លងជំងឺកូវដ-១៩ និងជំងឺផ្សេងៗ។នេះបើយោងតាមការអះអាងរបស់អាជ្ញាធរខេត្តសៀមរាប។

ករណីទឹកលិចពិភពលោកនេះ វាមិនមែនជារឿងថ្មីនោះទេសម្រាប់សង្គមកម្ពុជា។ប៉ុន្មានឆ្នាំកន្លងទៅនេះ គេឧស្សាហ៍ឃើញមានរឿងរ៉ាវចម្លែកៗជាច្រើនណាស់ទាំងនៅក្នុងឆាកនយោបាយក៏ដូចជានៅក្នុងសង្គមទូទៅដែរ។ រឿងហេតុដែលកើតឡើងជាញឹកញាប់ហើយធ្វើឲ្យមនុស្សផ្អើលតៗគ្នាជឿយ៉ាងផ្កាប់មុខនោះគឺទាក់ទងនឹង «អបិយជំនឿ» ដោយយល់ថា មានអ្នកមានបុណ្យ ឬមានគ្រូពូកែស័ក្តិសិទ្ធិចេញមកប្រោសសត្វលោកជាដើម។

ពេលខ្លះគ្រាន់តែកូនគោ ឬកូនជ្រូកកើតមកខុសប្រក្រតី ដើមរុក្ខជាតិដែលមានលក្ខណៈខុសពីធម្មតា ឬក៏អ្នកខ្លះតាំងខ្លួនថា ជាអ្នកមានបុណ្យ ក៏អាចធ្វើឲ្យមនុស្សម្នាផ្អើលដុតទៀនធូបគោរពបូជាភ្លូកទឹកភ្លូកដី។ដូចជា ព្រឹត្តិការណ៍ ភ្នំគូលែន ខេត្តសៀមរាបថ្មីៗនេះអ៊ីចឹង។

ជារួមមកវិញ គ្រប់ជាតិសាសន៍ទាំងអស់ គឺសុទ្ធតែផ្សារភ្ជាប់មកជាមួយនូវជំនឿដែលមិនអាចកាត់ផ្តាច់បាន ព្រោះវាជំនឿគឺជាដួងព្រលឹងរបស់មនុស្ស។ប៉ុន្តែជំនឿមិនសមហេតុផល ឬការជឿដោយខ្វះការគិតត្រិះរិះពិចារណាឱ្យបានស៊ីជម្រៅ ឬការជឿដោយងងឹតងងុលនឹងនាំដល់ការខូចប្រយោជន៍ ហើយងាយនឹងត្រូវគេធ្វើអាជីវកម្មដើម្បីទាញយកប្រយោជន៍ទាំងក្នុងន័យសេដ្ឋកិច្ច និង នយោបាយ។

ហេតុដូច្នេះ មុនសម្រេចចិត្តជឿលើ រឿងអបិយជំនឿ ឬ អភូតហេតុចម្លែកនានាណាមួយ គួរតែត្រិះរិះពិចារណាឱ្យបានស៊ីជម្រៅដោយប្រើប្រាស់បញ្ញាជាគោល ពោលគឺដូចពុទ្ធឱវាទដ៏សំខាន់មួយរបស់ព្រះពុទ្ធបរមគ្រូដែលព្រះអង្គបានទូន្មានថា ការជឿត្រឹមត្រូវប្រកបដោយ«បញ្ញា»ទើបជួយដល់ការសម្រេចចិត្តរបស់អ្នកអាចរួចផុតពីការធ្លាក់ជាប់អន្ទាក់របស់អ្នកដ៏ទៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង