
ប៉ាគីស្ថាន៖ស្ពានតភ្ជាប់ភូមិ Jaray នៅជាយក្រុងនៃជ្រលងភ្នំ Swat ត្រូវបានជន់លិចនឹងកាត់បំផ្លាញដោយទឹកជំនន់។ សណ្ឋាគារ ផ្ទះសម្បែង វិហារឥស្លាម និងដំណាំក៏ត្រូវបានបំផ្លាញដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ១,០០០នាក់ចាប់តាំងពីការចាប់ផ្តើមនៃរដូវខ្យល់មូសុងកាលពីថ្ងៃទី ១៤ ខែមិថុនាមក។
ដោយឡែកចរាចរណ៍ទូទាំងប្រទេសប៉ាគីស្ថានត្រូវបានបិទដោយសារតែទឹកជំនន់បណ្តាលឲ្យខូចខាត ផ្លូវថ្នល់នឹងតំបន់ជាច្រើនក្នុងប្រទេស។ អាជ្ញាធរកំពុងមមាញឹកក្នុងការសាងសង់ផ្លូវជំនួសក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។
ប្រតិបត្តិការជួយសង្គ្រោះ និងជំនួយដោយ NDMA អង្គការរដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត អង្គការមិនមែនរដ្ឋាភិបាល និងកងទ័ពប៉ាគីស្ថាន កំពុងដំណើរការនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។ យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសប៉ាគីស្ថាន ភ្លៀងធ្លាក់ខ្លាំងទំនងជានឹងបន្តនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាបានបណ្តាលឲ្យប្រទេសប៉ាគីស្ថានរងគ្រោះជាខ្លាំងដោយសារទឹកជំនន់ក្នុងនោះមានពលរដ្ឋប៉ាគីស្ថានប្រមាណ៣០លានអ្នករងគ្រោះ បាត់បង់ផ្ទះសម្បែង គ្រួសារ ដោយសារតែគ្រោះទឹកជំនន់៕