ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបាន ៤៦២,៦៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ឆ្នាំ (២០១៧-២០២១)។ ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៩០,៦៣លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង ២,០៦% ធៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ កម្ពុជាបាននាំចេញមុខទំនិញទៅតួកគី ដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ឆ័ត្រ។ល។ ដោយឡែកការនាំចូលទំនិញពីតួកគី មានដូចជា៖ ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។
ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងចរចាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគីឱ្យកាន់តែស៊ីជម្រៅនិងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមា រួមមានជាអាទិ៍៖ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត៕