ភ្នំពេញ៖ សមុច្ច័យគំនូរ (ព្រះបត់) នាពេលបច្ចុប្បន្ននេះ ចាប់ផ្ដើមបាត់រូបរាងបន្តិចម្តងៗ ដោយជំនួសវិញនូវពពួកកំណាត់ចាក់រូប ឬ ផ្ទាំងប្លាស្ទិចព្រីនជាគំនូរ។ ដោយសង្កេតឃើញបញ្ហាទាំងនេះ សារមន្ទីរជាតិដែលជាអង្គភាពមួយមានតួនាទីក្នុងការរៀបចំទុកដាក់សមុច្ច័យពីបុរាណវត្ថុ និងសិល្បៈវត្ថុផ្សេងនោះៗ បានអំពាវនាវដល់វត្តអារាម ឬពុទ្ធបរិស័ទទាំងអស់ដែលមានព្រះបត់គូរលើកំណាត់ហើយឈប់ប្រើប្រាស់ ធ្វើការបរិច្ចាកមក សារមន្ទីរជាតិ។
កំណាត់យកមកប្រើប្រាស់ក្នុងការគូរព្រះបត់ងាយនឹងទទួលរងការខូចខាតដូចជា ការឡើងស្នឹមពណ៌ត្នោត ឡើងផ្សិត រហែក ជ្រួញ ក្នុងករណីរក្សាទុកដាក់មិនបានល្អ។ ជាពិសេសនោះគឺ ស្រទាប់ពណ៌ដែលងាយនឹងរបេះដាច់ចេញពីសាច់កំណាត់ ដែលជាហេតុធ្វើឱ្យគំនូរព្រះបត់នេះចាប់ផ្តើមបាត់រូបរាងបន្តិចម្តងៗ។
កាលពីពេលថ្មីនេះ សារមន្ទីរជាតិ បានចុះប្រមូលព្រះបត់ដែលជាអំណោយព្រះតេជគុណ មិន ច្រឹក លោកគ្រូសូត្រស្តាំ វត្តឫស្សីសាញ់ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានចំនួន២ផ្ទាំង និង អំណោយរបស់ព្រះតេជគុណ ញ៉ែម សារិន ព្រះចៅអធិការវត្តស្វាយរំពារ ភូមិអង្រ្គង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានចំនួន ០៩ផ្ទាំង។
សារមន្ទីរជាតិ ក៏បានធ្វើការអំពាវនាវដល់វត្តអារាម ឬពុទ្ធបរិស័ទទាំងអស់ដែលមានព្រះបត់គូរលើកំណាត់ហើយឈប់ប្រើប្រាស់ សូមទាក់ទងមកសារមន្ទីរជាតិតាមរយៈលេខទូរស័ព្ទ ០១០ ៥០៥ ១១៥។
គួរបញ្ជាក់ថា ព្រះបត់ ឬព្រះបដ ជាផ្ទាំងសំពត់ ផ្ទាំងកំណាត់ គូរទាក់ទងនឹងព្រះពុទ្ធសាសនា ដើម្បីប្រើសម្រាប់ការគោរពបូជា ឬ ប្រើក្នុងពិធីកម្មផ្សេងៗ។ ដោយឡែកពាក្យថា បដ មកពីពាក្យបាលីសំស្រ្កឹត មានន័យថា ផ្ទាំងសំពត់ ឬ ផ្ទាំងកំណាត់។ ព្រះបត់ ភាគច្រើនមានលក្ខណៈជាផ្ទាំងកំណាត់វែង អាចរមូរ ព្យួរ និង ថ្ពក់ក្នុងបរិវេណអាគារ៕