
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានបញ្ជាឱ្យធ្វើបច្ចុប្បន្នភាពនៃផែនការប្រតិបត្តិការរបស់យោធា ដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើង។ លោក Yoon បានផ្តល់ការណែនាំនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់លេណដ្ឋានយោធាក្នុងរដ្ឋធានីសេអ៊ូល ដែលនឹងបម្រើជាប៉ុស្តិ៍បញ្ជាការក្នុងករណីមានសង្រ្គាម។
សមយុទ្ធប្រចាំរដូវក្ដៅប្រចាំឆ្នាំត្រូវបានប្តូរឈ្មោះជា Ulchi Freedom Shield ហើយនឹងបញ្ចប់នៅថ្ងៃទី ១ខែកញ្ញា ដោយសមយុទ្ធនេះពាក់ព័ន្ធនឹងការហ្វឹកហ្វឺនលើទីលានជាលើកដំបូងរវាងយោធាទាំងពីរចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីត្រូវបានធ្វើមាត្រដ្ឋានឡើងវិញចំពេលជំងឺរាតត្បាត កូវីដ១៩ និងក្រោមការដឹកនាំរបស់ Yoon ដែលបានស្វែងរកការកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងជើង។
សម្រាប់លោក Yoom សមយុទ្ធនៅឆ្នាំនេះត្រូវបានធ្វើឡើងក្រោមសេណារីយ៉ូដែលបានផ្លាស់ប្តូរ ហើយផែនការប្រតិបត្តិការបានឆ្លុះបញ្ចាំងពីការគំរាមកំហែងដែលកំពុងវិវត្តរបស់កូរ៉េខាងជើង។ លោក Yoon បានប្រាប់មេបញ្ជាការយោធាក្នុងអំឡុងពេលទស្សនកិច្ចនេះថា "យើងត្រូវរៀបចំជាបន្ទាន់នូវវិធានការណ៍ដើម្បីធានាអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនរបស់យើង រួមទាំងការធ្វើបច្ចុប្បន្នភាពផែនការប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដែលកំពុងក្លាយជាការពិត" ។

លោកក៏បានបញ្ជាឱ្យមេបញ្ជាការពន្លឿនផែនការបង្កើតប្រព័ន្ធ "Kill Chain" ដែលត្រូវបានរចនាឡើងដើម្បីបើកការវាយប្រហារទុកជាមុនប្រឆាំងនឹងមីស៊ីលរបស់កូរ៉េខាងជើង និងអាចជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ប្រសិនបើការវាយប្រហារដែលជិតមកដល់ត្រូវបានរកឃើញ។
មន្ត្រីទីក្រុងសេអ៊ូលបាននិយាយនៅសប្តាហ៍នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ នៅពេលណាក៏បាន។
កូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរឯកោ បានបាញ់មីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់ ពីឆ្នេរសមុទ្រភាគខាងលិច កាលពីសប្តាហ៍មុន បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការហ្វឹកហ្វឺនបឋមសម្រាប់សមយុទ្ធនេះ។ ក្រុងព្យុងយ៉ាងបានរិះគន់សមយុទ្ធរួមគ្នាជាយូរមកហើយថាជា "គោលនយោបាយអរិភាព" និងជាការហាត់សមសម្រាប់ការឈ្លានពានដែនដីកូរ៉េខាងជើង៕