Yearendyearend1140x150

កូរ៉េសន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិតដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ជាមួយឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

នាឱកាសនោះ ឯកឧត្តម អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិសម្បទាដល់កម្មករនិយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ ឯកឧត្តមសង្ឃឹមថា តាមរយៈបទពិសោធន៍ការងារជាអតីតរដ្ឋមន្ត្រីក្រសួង ការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធន៍ការងារជួយមកដល់កម្ពុជា ឲ្យវិស័យមួយនេះទទួលបាននូវលទ្ធផលល្អ។

ពេលមកដល់កម្ពុជា ឯកឧត្តម JAEKAP LEE មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារឃើញមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា ហើយឯកឧត្តមបានបញ្ជាក់ថា ក្រុមការងាររបស់ឯកឧត្តម នឹងជួយក្រុមការងារកម្ពុជាលើផ្នែកនេះ ដើម្បីយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។

ពាក់ព័ន្ធនឹងកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ឯកឧត្តម អ៉ិត សំហេង លើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរណាស់ បន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ធ្វើឲ្យប្រទេសទាំងពីរ ក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរផង បានផ្តល់ប្រយោជន៍ពីគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។ លំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ បានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង