Yearendyearend1140x150

ក្រសួងបរិស្ថាន និងអង្គការWWF បានកត់ត្រាវត្តមានសត្វត្រយងចង្កំកស ៣៣០ក្បាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
សត្វត្រយងចង្កំកស (រូបភាព៖ WWF Cambodia)

ក្រចេះ៖ ក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF ព្រមទាំងមានការចូលរួមពីសហគមន៍មូលដ្ឋាន កាលពីថ្ងៃទី១៦ សីហា បានកត់ត្រាទុកវត្តមានសត្វត្រយងចង្កំកសសរុបចំនួន ៣៣០ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧ កន្លែងនៃដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ។

វត្តមានសត្វត្រយងចង្កំកសសរុបចំនួន ៣៣០ ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ ត្រូវបានក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF ព្រមទាំងមានការចូលរួមពីសហគមន៍មូលដ្ឋានកត់ត្រាទុក។ ក្នុងនោះ ក្រុមស្រាវជ្រាវសត្វព្រៃ ក៏បានរកឃើញទ្រនំរបស់ពួកវាចំនួន ១៧ កន្លែងនៃដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ។

បច្ចុប្បន្ន សត្វត្រយងចង្កំកស ត្រូវបានក្រុមស្រាវជ្រាវបន្តចុះតាមដានដើម្បីរាប់ចំនួនសត្វស្លាបនេះសម្រាប់ការធ្វើជំរឿនថ្នាក់ជាតិ។ លទ្ធផលនេះ គឺជាការរាប់សត្វត្រយងចង្កំកសមានចំនួនច្រើនជាងគេបំផុតក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះនៅតំបន់មេគង្គ។ ដោយឡែក នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតក្រុមស្រាវជ្រាវបានកត់ត្រាសត្វត្រយងចង្កំកសចំនួន ៧ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ២២កន្លែងផងដែរ។

សត្វត្រយងចង្កំកសត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ការតាមដាន និងរាប់ដើម្បីធ្វើបច្ចុប្បន្នភាពនៃចំនួនសត្វនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីខែកក្កដា ដល់ខែតុលា។ លទ្ធផលដែលទទួលបានពីការរាប់ចំនួនរបស់វានៅតាមដែនជម្រកធម្មជាតិទាំងអស់ ក្នុងនោះមានដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ និងតំបន់ព្រៃទេសភាពភាគខាងកើតផងដែរ នឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួនសត្វត្រយងចង្កំកសសរុបទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២។

ទន្ទឹមនឹងនោះ តំបន់ព្រៃលិចទឹកមេគង្គគាំទ្រដល់ការរស់នៅរបស់ហ្វូងសត្វត្រយងចង្កំកសធំជាងគេបង្អស់លំដាប់ទីពីរ ពោលគឺមានចំនួន ២៥២ក្បាល ក្នុងឆ្នាំ២០២១ បន្ទាប់ពីដែនជម្រកសត្វព្រៃសៀមប៉ាង៕

ហ្វូងសត្វត្រយងចង្កំកស (រូបភាព៖ WWF Cambodia)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង