
ភ្នំពេញ៖ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាស្ដីពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានឱកយដឹងថា កាលពីចុងសប្ដាហ៍ទី៣នៃខែសីហានេះ(ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបចំនួន ២២២,៨៥៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០០,៦៤៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២២,២០៨នាក់។ ក្រសួងបញ្ជាក់ថា តួលេខខាងលើមានការថមថយ ៤.៧៣% ធៀបនឹងសប្តាហ៍កន្លងមក។
បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប ៣៣,៩៦៨នាក់, ខេត្តព្រះសីហនុ ៣១,៨១៥នាក់, ខេត្តកំពត ២៨,០៤០នាក់, ខេត្តបាត់ដំបង ២០,៧៩០នាក់, រាជធានីភ្នំពេញ ១៩,៧៩៩នាក់, ខេត្តកណ្តាល ១៣,៩៧៥នាក់, ខេត្តកែប ១១,៥៥៩នាក់, និង ខេត្តពោធិ៍សាត់ ១០,៣៦៤នាក់។
ក្រសួងបញ្ជាក់ថា មិនខុសពីសប្តាហ៍កន្លងមក បញ្ហាអាកាសធាតុ និងលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍៕