កាប៊ុល៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗនៅក្នុងខេត្ត Logar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៣.០០០ ខ្នង។ ការិយាល័យអភិបាលខេត្តបាននិយាយថា ភ្លៀងបានបោកបក់តំបន់ជាច្រើននៃខេត្តកាលពីថ្ងៃសៅរ៍ ដោយបានធ្វើឱ្យមនុស្សជាង 30 នាក់រងរបួស បន្ថែមពីលើអ្នកស្លាប់។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទឹកជំនន់ក៏បានបំផ្លាញព្រែករាប់សិប និងដីកសិកម្មប្រហែល ៥,០០០ ហិកតា និងសត្វពាហនៈប្រហែល ២,០០០ក្បាលផងដែរ។ ប្រជាជនអាហ្វហ្គានីស្ថានជាច្រើននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅតំបន់ជនបទក្រីក្រ ដែលផ្ទះដែលសាងសង់មិនសូវបានល្អ ជារឿយៗប្រឈមនឹងហានិភ័យនៃការដួលរលំ។
រដ្ឋាភិបាលខេត្តបាននិយាយថា កងកម្លាំងសន្តិសុខ និងអង្គការសប្បុរសធម៌កំពុងជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក បៃឡា ការីមី បានជំរុញឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយបន្ថែមដល់ប្រទេសអាហ្វហ្គានីស្ថាន។
លោក ការីមី បាននិយាយថា យើងស្នើសុំជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យរួមដៃជាមួយជនជាតិអាហ្វហ្គានីស្ថានក្នុងគ្រាដ៏លំបាកនេះដើម្បីជួយសង្រ្គោះប្រជាជនអាហ្វហ្គានីស្ថានក្នងពេលដ៏លំបាកមួយនេះ។
នាយកដ្ឋានឧតុនិយមរបស់ប្រទេសបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ត្រូវបានគេរំពឹងថានឹងកើតមាននៅទូទាំង ២១ ខេត្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ជំនួយបរទេស និងគម្រោងជំនួយសង្គ្រោះគ្រោះមហន្តរាយត្រូវបានកាត់បន្ថយយ៉ាងខ្លាំងចាប់តាំងពីក្រុមតាលីបង់បានវាយលុកចូលកាន់អំណាចក្នុងខែសីហាឆ្នាំមុន។
បណ្តាប្រទេសលោកខាងលិចមានការប្រុងប្រយ័ត្នថា ជំនួយណាមួយអាចត្រូវបានបញ្ជាដោយពួកតាលីបង់ ហើយប្រើដើម្បីបង្រួបបង្រួមការក្តាប់របស់ពួកគេលើអាហ្វហ្គានីស្ថានសារជាថ្មី៕