
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នាថ្ងៃទី១៩ នឹងសមភាគីបារាំងលោក Emmanuel Macron បានសន្ទនាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេលជិតបីខែ ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងសន្តិសុខនុយក្លេអ៊ែរនៅក្នុងតំបន់ Zaporozhye ។ ការអំពាវនាវសន្ទនាគ្នាតាមទូរស័ប្ទនេះត្រូវបានផ្តួចផ្តើមឡើងដោយភាគីបារាំង ហើយបានឃើញមេដឹកនាំទាំងពីរបានពិភាក្សាអំពី "ទិដ្ឋភាពផ្សេងៗនៃស្ថានភាពជុំវិញអ៊ុយក្រែន" នេះបើយោងសារព័ត៌មានរដ្ឋរបស់វិមានក្រឹមឡាំង។
លោកពូទីនបានអះអាងថា "ការបាញ់ផ្លោងចូលទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដោយយោធាអ៊ុយក្រែនអាចបង្កគ្រោះថ្នាក់នៃគ្រោះមហន្តរាយទ្រង់ទ្រាយធំដែលអាចនាំឱ្យមានការសាយភាយវិទ្យុសកម្មទៅលើទឹកដីដ៏ធំមួយ" ដែលនេះជាចេតនារបស់អ៊ុយក្រែនក្នុងការបង្កបញ្ហាឲ្យកាន់តែធំទៅៗ។
ដោយឡែកមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថាបេសកកម្មក្រោមការឧបត្ថម្ភរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គួរតែត្រូវបានបញ្ជូនទៅកាន់ NPP "ឱ្យបានឆាប់តាមដែលអាចធ្វើបាន" ដើម្បីវាយតម្លៃស្ថានភាពនៅនឹងកន្លែង។ វិមានក្រឹមឡាំងបាននិយាយថា "ភាគីរុស្ស៊ីបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យអធិការរបស់ទីភ្នាក់ងារនូវជំនួយចាំបាច់ទាំងអស់"ដើម្បីកុំឲ្យមានការផ្ទុះសាយភាយនុយក្លេអ៊ែរ។
យោងតាមអ្នកនាំពាក្យវិមាន Elysee លោក Putin បានយល់ព្រមថាបេសកកម្ម IAEA ទៅកាន់ រោងកច្រថាមពល Zaporozhye NPP នឹងត្រូវបានបញ្ជូនតាមលក្ខខណ្ឌដែលបានរៀបចំរួចហើយដោយអ៊ុយក្រែន និងអង្គការសហប្រជាជាតិ។ នេះមានន័យថា គណៈប្រតិភូ IAEA អាចធ្វើដំណើរឆ្លងកាត់ទឹកដីដែលបច្ចុប្បន្នគ្រប់គ្រងដោយកងកម្លាំងរបស់ គៀវ ។ កន្លងមក ទីក្រុងមូស្គូបានទទូចថាបេសកកម្មបែបនេះអាចទៅដល់បានតែតាមរយៈទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីប៉ុណ្ណោះ។
យោងតាមវិមានក្រឹមឡាំង លោក ពូទីន ជាថ្មីម្តងទៀតបានអញ្ជើញអ្នកជំនាញអន្តរជាតិឱ្យទៅមើលកន្លែងឃុំឃាំងនៅ Yelenovka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ។ ការវាយប្រហារដោយកាំភ្លើងធំលើពន្ធនាគារដែលក្រុងមូស្គូនិយាយថាធ្វើឡើងដោយកងកម្លាំងរបស់ក្រុងគៀវ បានសម្លាប់ទាហានអ៊ុយក្រែន ៥០ នាក់ និងរាប់សិបនាក់ទៀតរងរបួសកាលពីខែមុន។
លោកពូទីនក៏បានជូនដំណឹងដល់សមភាគីបារាំងអំពីការអនុវត្តកិច្ចព្រមព្រៀងសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងនេះដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី ក៏ត្រូវបានគេសន្មត់ថាអនុញ្ញាតឱ្យរុស្ស៊ីដឹកជញ្ជូនជី និងផលិតផលអាហារទៅកាន់ទីផ្សារពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានកត់សម្គាល់ថា "ឧបសគ្គសម្រាប់ការនាំចេញ គ្រាប់ធញ្ញជាតិរុស្ស៊ីនៅតែបន្ត" ដែលនៅតែបន្តជះឥទ្ធិពលអាក្រក់ដល់សន្តិសុខស្បៀងពិភពលោក។
ការអំពាវនាវថ្មីៗបំផុតរវាងមេដឹកនាំទាំងពីរបានធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភា ហើយក៏មានការចូលរួមពីអធិការបតីអាល្លឺម៉ង់ Olaf Scholz ផងដែរ។ ក្នុងអំឡុងពេលសន្ទនានោះ លោកពូទីនបានស្តីបន្ទោសអ៊ុយក្រែនចំពោះការចរចាសន្តិភាពដែលជាប់គាំង ដោយធានាសមភាគីរបស់លោកថា ទីក្រុងមូស្គូនៅតែត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាបញ្ចប់ជម្លោះដែលកំពុងបន្ត ហើយថ្កោលទោសលោកខាងលិចចំពោះការផ្គត់ផ្គង់អាវុធដល់ក្រុងកៀវ៕