Yearendyearend1140x150

លោក ស្រ៊ុន ពៅ៖ការផ្គត់ផ្គង់ជ្រូកនៅកម្ពុជាគ្រប់គ្រាន់និងមានតម្លៃល្អ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា

ភ្នំពេញ៖ មកទល់ពេលនេះ ការចិញ្ចឹមជ្រូកនៅក្នុងប្រទេសគឺមានភាពជឿនលឿន និងមានបច្ចេកទេសគ្រប់គ្រាន់ ហើយអាចផ្គត់ផ្គង់ជ្រូករស់ទៅទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ហើយពេលខ្លះក៏អាចនឹងមានលើសតម្រូវការទៀតផង។ កត្តានេះបានធ្វើឱ្យលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាលែងមានការនាំចូលជ្រូករស់ពីប្រទេសជិតខាងទៀតហើយ ព្រោះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការសាច់ជ្រូកនៅក្នុងទីផ្សារខ្លួន ហើយតម្លៃជ្រូករស់នៅក្នុងស្រុកគឺមានតម្លៃទាបជាងជ្រូករស់ដែលនាំចូលពីប្រទេសជិតខាង។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា តម្រូវការសាច់ជ្រូកនាពេលបច្ចុប្បន្ននេះគឺមានសភាពដដែល ដោយមិនមានការកើនឡើងឬធ្លាក់ចុះនោះទេ ដោយមួយថ្ងៃទីផ្សារកម្ពុជាមានតម្រូវការជ្រូករស់ចន្លោះពី៨ពាន់ក្បាលទៅ៩ពាន់ក្បាល ហើយតម្លៃជ្រូកគឺនៅដដែល ដោយជ្រូករស់ពីកសិដ្ឋានផ្ទាល់មានតម្លៃចន្លោះពី១០០០០រៀល ទៅ១២០០០រៀល ក្នុងមួយគីឡូ។

ប្រធានសមាគមចិញ្ចឹមសត្វរូបនេះបញ្ជាក់ថា រីឯតម្លៃជ្រូកធ្វើហើយ (ប៉ាយជ្រូក) សម្រាប់បោះចូលទីផ្សារគឺមានតម្លៃចន្លោះពី១៦០០០រៀល ទៅ១៦៥០០រៀល ក្នុងមួយគីឡូ។ ចំពោះតម្លៃនៅតាមទីផ្សារគឺអាចមានតម្លៃប្រែប្រួលបន្តិចបន្តួច ហើយខាងសមាគមក៏មិនអាចកំណត់តម្លៃនៅតាមទីផ្សាបរបានដែរ គឺអាស្រ័យលើអាជីវករលក់ដូរតែប៉ុណ្ណោះ។

លោក ស្រ៊ុន ពៅ បន្តថា ជាធម្មតា កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។ ចាប់ពីឆ្នាំ២០២១ ប្រទេសកម្ពុជា បានសម្រេចផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃ និងវៀតណាម ដោយសារការចិញ្ចឹមក្នុងស្រុកកើនលើសតម្រូវការ ហើយមកទល់ពេលនេះកម្ពុជាមានកសិដ្ឋានចិញ្ចឹមជ្រូកធំៗប្រមាណ៥០០កសិដ្ឋាន ដូចនេះកម្ពុជាមិនមានភាពខ្វះខាតចំពោះការផ្គត់ផ្គង់សាច់ជ្រូកទៅទីផ្សារក្នុងស្រុកទៀតទេ ហើយជាពិសេសតម្លៃជ្រូករស់នៅក្នុងស្រុកគឺមានតម្លៃទាបជាងជ្រូករស់ដែលនាំចូលពីប្រទេសជិតខាង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង