
ព្យុងយ៉ាង៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងគួរតែ «បិទមាត់»ក្រោយពីមេដឹកនាំកូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការអត្ថាធិប្បាយរបស់លោកស្រី គឺជាលើកទីមួយហើយ ដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានអត្ថាធិប្បាយដោយផ្ទាល់លើអ្វីដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានហៅថាផែនការ "ក្លាហាន" ដែលស្នើឡើងជាលើកដំបូងនៅក្នុងខែឧសភាឲ្យកូរ៉េខាងជើងបញ្ចប់ការផលិតអាវុធនុយក្លអ៊ែរ។
អ្នកស្រីគីម យ៉ូជុង បានបន្ថែមថា៖ «គ្មាននរណាម្នាក់ដូរវាសនារបស់ខ្លួនសម្រាប់ទទួលយកកញ្ចប់លុយនោះទេ»។ លោកស្រីប្អូនមេដឹកនាំកូរ៉េខាងជើងរូបនេះចាត់ទុកថាកូរ៉េខាងត្បូងកំពុងមើលងាយអនុភាពរបស់កូរ៉េខាងជើង។
សម្រាប់មេដឹកនាំកូរ៉ខាងត្បូងលោក Yoon បាននិយាយថា លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាដំណាក់កាលដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរ លោកក៏បានជំរុញឱ្យបង្កើនការរារាំងយោធារបស់កូរ៉េខាងត្បូងប្រឆាំងនឹងកូរ៉េខាងជើងផងដែរ។
កូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធរួមដែលបានផ្អាកជាយូរមកជាមួយសហរដ្ឋអាមេរិក រួមទាំងសមយុទ្ធលើទីលានសំខាន់ៗដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រគោលនយោបាយរបស់លោក Yoon ប៉ុន្តែលោក គឹម ជុងអ៊ុន បាននិយាយថា សមយុទ្ធរួមគ្នាបង្ហាញថាការពិភាក្សារបស់សម្ព័ន្ធមិត្តទាក់ទងនឹងការទូតគឺមិនស្មោះត្រង់ដែលនេះអាម៉េរិកមានចេតនាដុតកំដៅរវាងឧបទ្វីបកូរ៉េទាំងពីរ។
គួរបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Cruise ពីរគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃពុធ ដែលជាការសាកល្បងលើកដំបូងក្នុងរយៈពេលពីរខែ ការសាកល្បងនេះកើតឡើងបន្ទាប់ពីប្រទេសនេះបានប្រកាសជ័យជម្នះលើ កូវីដ១៩ កាលពីសប្តាហ៍មុន៕