
ចិន៖យ៉ាងហោចណាស់មានមនុស្ស១៦នាក់បានស្លាប់ និង ៣៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានវាយប្រហារភាគពាយព្យប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ។នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នខេត្តអះអាងថា ទឹកជំនន់បានកើតឡើងនៅតំបន់ភ្នំនៃស្រុក Datong ក្នុងខេត្ត Qinghai នៃប្រទេសចិន ដោយទឹកជំនន់បានកើតឡើងក្នុងអំឡុងពេលរដូវក្តៅនៅក្នុងប្រទេសចិន ដោយទីក្រុងជាច្រើនបានកត់ត្រាថ្ងៃក្តៅបំផុតរបស់ពួកគេ។
មនុស្ស ១៦ នាក់បានស្លាប់ និង ៣៦នាក់ផ្សេងទៀតបានរងរបួសនឹងបាត់ខ្លួននៅក្នុងទឹកជំនន់ភ្លាមៗនៅភាគនិរតីនៃប្រទេសចិន ខណៈទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសចិនក្នុងខែមិថុនាបានធ្វើឱ្យមនុស្សជាងកន្លះលាននាក់ផ្លាស់ទីលំនៅ និង បណ្តាលឱ្យមានការបំផ្លិចបំផ្លាញប្រមាណទឹកប្រាក់ប្រមាណ ២៥០ លានដុល្លារ។
ទន្ទឹមនឹងនេះដែរ មនុស្សរាប់លាននាក់នៅភាគនិរតីនៃប្រទេសចិនកំពុងប្រឈមមុខនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីក្នុងសប្តាហ៍នេះ ដោយសាររលកកំដៅដ៏ខ្លាំងមួយបាននាំឱ្យមានវិបត្តិការផ្គត់ផ្គង់អគ្គិសនី ដែលបានបង្ខំឱ្យរោងចក្របញ្ឈប់ការផ្តល់ថាមពលបណ្តោះអាសន្ន។
អ្នកវិទ្យាសាស្ត្រនិយាយថា អាកាសធាតុខ្លាំងនៅទូទាំងពិភពលោក កាន់តែកើតមានញឹកញាប់ ដោយសារការប្រែប្រួលអាកាសធាតុ ហើយទំនងជានឹងកើនឡើងកាន់តែខ្លាំង នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង។
គួរបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងមួយរំពេចភ្លាមៗមួយមេធំនៅក្នុងស្រុក Datong ទីក្រុង Xining ខេត្ត Qinghai បានបង្កឲ្យមានទឹកជំនន់ភ្លាមៗ បណ្តាលឱ្យមានការរអិលបាក់ដី និងបណ្តាលឱ្យទឹកទន្លេកើនឡើងហើយបំផ្លាញ ផ្ទះប្រជាពលរដ្ឋចំនួន ១,៥១៧ គ្រួសារ និងប្រជាជនចំនួន ៦,២៤២ នាក់នៅក្នុងភូមិចំនួន ៦ ក្នុងក្រុងចំនួន ២ ត្រូវបានរងផលប៉ះពាល់៕