
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៧ សីហានេះ បានប្រើពាក្យសម្តីខ្លាំងៗស្តីបន្ទោសចំពោះ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមិនមានចំណាត់ការដោះស្រាយបញ្ហាកម្មករដែលត្រូវថៅកែបិទរោងចក្ររត់ចោលមិនបើកប្រាក់ខែជូន។
ថ្លែងក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់នៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីបន្ទោសខ្លាំងៗឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈថា អត់ចេះធ្វើការ និង គ្មានចំណាត់ការ និង ការដោះស្រាយបញ្ហាដល់កម្មករដែលជួបបញ្ហាថៅកែបិទទ្វាររោងចក្រហើយមិនបានបើកប្រាក់ខែឱ្យ។
បើតាមសម្តេច ហ៊ុន សែន ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ខ្ចីលុយរដ្ឋយកទៅបើកឱ្យកម្មករកម្មការិនី ប៉ុន្តែ អត់បើកឱ្យធ្វើឱ្យពួកគេបន្តយកញត្តិដាក់នៅខុទ្ឌកាល័យរបស់សម្តេច។ញត្តិខ្លះត្រូវចំណាយពេលរាប់ខែមិនទាន់មានការដោះស្រាយជូនដល់កម្មកររហូតទុកឱ្យកម្មករចេញតវ៉ាតាមទីសាធារណៈ។
ទាក់ទងទៅនឹងបញ្ហាកម្មករដែលមានការតវ៉ា សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ។រដ្ឋាភិបាលបានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារជាមួយកម្មករតាមបណ្តារោងចក្រនានា ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះអោយបានឆាប់៕