
ភ្នំពេញ៖ តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២,២៧៨,៨៥៤នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់រួចទៅហើយ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា«តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២,២៧៨,៨៥៤នាក់»។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា ៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៥៣៤,០០៥នាក់។
ឯកឧត្ដមបានបន្តថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន២,០៣៩,០០០នាក់ កើនឡើង ២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន២៣៩,៨៥៤នាក់ កើនឡើង១៧៦៣.២៣%។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ដែរថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួង/ប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។
នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន៥៤៨កន្លែង ស្មើនឹង៤៦% នៃអាជីវកម្មទេសចរណ៍សរុបក្នុងខេត្តមានចំនួន១១៨៧កន្លែង។ នេះបើតាមការបន្ថែមរបស់ឯកឧត្ដម ថោង ខុន។
ឯកឧត្ដមក៏បានយកចិត្តទុកដាក់ចំពោះធនធានមនុស្សដែលបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ដោយបានចាត់ក្រុមការងារក្រសួងទេសចរណ៍ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត៕