Yearendyearend1140x150

អ្នកជំនាញចាត់ទុកវគ្គបណ្ដុះបណ្ដាល«វិនិយោគិនក្នុងវិស័យមូលបត្រ»ជារឿងសំខាន់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
វគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២

ភ្នំពេញ៖និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី ១៦ សីហានេះ បានរៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារ អេស៊ីលីដា ភីអិលស៊ី។វគ្គបណ្ដុះបណ្ដាលដែលអ្នកជំនាញចាត់ទុកថា មានសារៈសំខាន់សម្រាប់វិនិយោគិន ជាពិសេសសិក្ខាកាមទាំងអស់ ក្នុងការកសាងសមត្ថភាពលើកិច្ចការវិនិយោគរបស់ខ្លួន។

ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា លោកបណ្ឌិត អ៉ិន ចាន់នី បានឱ្យដឹងថា លោកបណ្ឌិតផ្តល់តម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ។ ការផ្តល់តម្លៃនេះ លោកបណ្ឌិតពន្យល់ថា ការបណ្ដុះបណ្ដាលវិនិយោគិនក្នុងវិស័យមូលបត្រ វាពិតជាមានសារៈសំខាន់សម្រាប់វិនិយោគិន ជាពិសេសសិក្ខាកាមទាំងអស់ ក្នុងការកសាងសមត្ថភាពលើកិច្ចការវិនិយោគរបស់ខ្លួន។

បើតាមលោកបណ្ឌិត អ៉ិន ចាន់នី វគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ផ្ដល់ការយល់ដឹងកាន់តែច្បាស់អំពីការវិនិយោគលើវិស័យមូលបត្រមានជាអាទិ៍ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ការកសាងមូលដ្ឋានគ្រឹះវិនិយោគិន ការវិភាគទៅលើក្រុមហ៊ុនបោះផ្សាយ សម្រាប់ជាមូលដ្ឋានចំណេះដឹងបំពេញបន្ថែម ដើម្បីសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ជាពិសេសវិស័យមូលបត្ររបស់ធនាគារ អេស៊ីលីដា។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលវិនិយោគិនលើវិស័យមូលបត្រនេះពិតជាមានសារៈសំខាន់ ដើម្បីឱ្យវិនិយោគិនមានការយល់ដឹងកាន់តែខ្ពស់អំពីយន្តការនៃការជួញដូរនៅក្នុងទីផ្សារ ជាពិសេសកាត់បន្ថយការជឿលើការឃោសនាក្លែងបន្លំតាមប្រព័ន្ធអនឡាញដែលមិនមានភាពច្បាស់លាស់ ហើយនាំឱ្យមានការខាតបង់ថវិកា។ ទោះជាយ៉ាងណាក៏ដោយ និយ័តករមូលបត្រកម្ពុជានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យវិនិយោគិនកម្ពុជារួចផុតពីការក្លែងបន្លំទាំងឡាយ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមផ្ទាល់ចំនួន ៦០ នាក់ និងអ្នកចូលរួមតាមរយៈ Webinar online ប្រមាណជាង ៥០០នាក់ ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើ គេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង