
កណ្តាល៖ដើមឈើទាលដ៏ធំមួយដើមដ៏កម្រ ដែលបានផុសចេញពីទឹក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បច្ចុប្បន្ននេះ បានក្លាយជាកន្លែងទីសក្ការៈបូជាសម្រាប់ប្រជាពលរដ្ឋក្នុងឃុំឈើទាល និង ឃុំផ្សេងៗទៀត ដើម្បីបន់ស្រន់សុំសេចក្តីសុខ។
ដើមឈើទាល អាយុកាល ៥០០ឆ្នាំនេះ ស្ថិតនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកំណ្តាល បច្ចុប្បន្ននេះអាជ្ញាធរសហការគ្នាជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់រៀបចំតម្កល់គ្រឿងសក្ការបូជានានាតាមជំនឿរបស់អ្នកស្រុក។ដើមឈើទាលនេះ មានមុខកាត់ផ្នែកគល់ប្រមាណ ៧ម៉ែត្រ និងប្រវែងពី២៥-២៦ម៉ែត្រ។
នៅពេលថ្ងៃឈប់សម្រាកពីការងារ មិនថាតែប្រជាពលរដ្ឋនៅក្នុងស្រុកនោះទេ ពោលគឺគេឃើញមានភ្ញៀវទេសចរអញ្ញើញមកពីខេត្ត ឬតំបន់នានាជាច្រើននាក់មកទស្សនាដើមឈើទាលយក្យនេះ ហើយបានថតរូប និងអុជធូរសុំសេចក្តីសុខសេចក្តីចម្រើនតាមជំនឿរបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ដើមឈើទាលដ៏ធំមួយដើមដ៏កម្របានផុសចេញពីទឹក ក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅមើល។ចាស់ទុំនៅក្នុងភូមិនេះមួយចំនួនបានអះអាងថា ដើមឈើដ៏ធំនេះហើយ ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះភូមិ «ឈើទាល» នេះតែម្តង៕


