Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងវប្បធម៌ ចាប់ផ្ដើមស្ដារល្បែងប្រពៃណី «វាយត្រដំ» ឱ្យមានជីវិតវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក ស៊ីយ៉ុន សុភារិទ្ធ

ភ្នំពេញ៖ ល្បែងប្រពៃណី វាយត្រដំ ឬ វាយកូនគោល ជាល្បែងប្រពៃណី ដែលបានលេងពីបុរាណមក បានបាត់បង់ និងឈប់មានអ្នកលេងអំឡុងឆ្នាំ២០០៦ ឬឆ្នាំ២០០៧។ ល្បែងប្រពៃណីនេះ មិនត្រឹមតែជាល្បែងកំសាន្ដឡើយ ប៉ុន្ដែល្បែងប្រពៃណីនេះមានន័យជ្រៅនៅក្នុងសង្គមខ្មែរ និងកំពុងតែឈានទៅរកការបាត់បង់ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែស្ដារល្បែងប្រពៃណី «វាយត្រដំ» ឬ «វាយកូនគោល» ឱ្យមានជីវិតរស់ឡើងវិញ។

លោក សាន ផល្លា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ នៅក្នុងបាឋកថា ដែលរៀបចំដោយសារមន្ទីរជាតិថា ល្បែងប្រពៃណី វាយត្រដំ ឬ វាយកូនគោល ដោយជិះលើខ្នងសេះ នៅកម្ពុជា មកទល់សព្វថ្ងៃមិនមានអ្នកធ្លាប់លឺ ធ្លាប់ស្គាល់ឡើយ។ ដោយឡែក ល្បែងវាយកូនគោល ដែលលេងដោយរត់ថ្មើរជើង គឺខ្មែរលេងនៅលើវាលស្មៅ ឬវាលស្រែ។

លោក សាន ផល្លា បានបន្ដថា ល្បែងប្រពៃណី វាយត្រដំ ឬ វាយកូនគោល គឺបានលេងតាំងពីសម័យបុរាណមកម្លេះ ហើយទើបតែបាត់បង់នៅពេលថ្មីនេះទេ។ ល្បែងប្រពៃណីនេះ ទំនងជាឈប់មានអ្នកលេងនៅអំឡុងឆ្នាំ២០០៦ ឬឆ្នាំ២០០៧ ដែលអ្នកលេងល្បែងនេះ ភាគច្រើនជាក្មេងឃ្វាលគោ។ បើទោះបីជាល្បែងនេះគ្មានសល់ភស្ដុតាំងបញ្ជាក់ថា បានបន្ដពីបុរាណមកដល់សព្វថ្ងៃ ប៉ុន្ដែល្បែងប្រពៃណីនេះ មាននៅក្នុងសង្គមខ្មែរ និងចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ហើយក្លាយទៅជាល្បែងប្រពៃណីដ៏សំខាន់មួយ។

រូបភាព៖ លោក ស៊ីយ៉ុន សុភារិទ្ធ

លោក សាន ផល្លា បានបន្ថែមថា ល្បែងនេះមិនត្រឹមតែជាល្បែងកំសាន្ដឡើយ ប៉ុន្ដែល្បែងប្រពៃណីនេះមានន័យជ្រៅនៅក្នុងសង្គមខ្មែរតាំងពីយូរលង់មកហើយ។ ប្រសិនបើល្បែងនេះមានការបាត់បង់ គឺជារឿងដែលគួរឱ្យសោកស្ដាយ ដូច្នេះហើយទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគម្រោងស្ដារ និងធ្វើឱ្យល្បែងប្រពៃណីដ៏មានសារសំខាន់នេះរស់ឡើងវិញ។

លោក សាន ផល្លាបានបន្ដទៀតថា ក្នុងការស្ដារល្បែងប្រពៃណីនេះឡើងវិញគឺចាប់ផ្ដើមពី ឃុំព្រៃតាអី ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំនាយកសាលា អនុវិទ្យាល័យព្រៃតាអី ឱ្យដាក់សាកល្បង នៅក្នុងម៉ោងកីឡា ដោយសារមានតែកម្លាំងយុវជនទេ ដែលជាស្នូលក្នុងការជួយរុញឱ្យល្បែងប្រពៃណីនេះអាចរស់ឡើងវិញបាន។

គួរបញ្ជាក់ថា ល្បែងប្រពៃណី វាយត្រដំ ឬ វាយកូនគោល អាចលេងបានទាំងពេលថ្ងៃ និងពេលយប់ ដោយការលេងពេលយប់ គឺមានការដុតកូនត្រដំ ឬកូនគោលនោះ ដើម្បីឱ្យចេញផ្កាភ្លើង។ ល្បែងប្រពៃណី នេះចាប់ផ្ដើមលេងមុនពិធីបុណ្យចូលឆ្នាំខ្មែរកន្លះខែ ឬបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ ដែលរយៈពេលនៃការលេងមានរយៈពេលកន្លះខែ៕

រូបភាព៖ លោក ស៊ីយ៉ុន សុភារិទ្ធ
រូបភាព៖ លោក ស៊ីយ៉ុន សុភារិទ្ធ
រូបភាព៖ លោក ស៊ីយ៉ុន សុភារិទ្ធ


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង