ភ្នំពេញ៖ ធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារដែលឈានមុខគេនៅកម្ពុជា ជាមួយនឹងធនាគារជប៉ុន Sumitomo Mitsui Banking Corporation (SMBC) នៅថ្ងៃទី១២សីហានេះ បានប្រារព្ធខួប១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាដៃគូក្នុងការវិស័យធនាគារកន្លងមក។ រយៈពេល ១០ឆ្នាំកន្លងមកនេះ ធនាគារទាំងពីរបានសម្រេចនូវសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ហើយបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើងថែមទៀត ទៅលើការការពារបរិស្ថាន សង្គម និងអភិបាលកិច្ចសារជីវកម្មបន្ទាប់ពីស្ថាប័នធនាគារទាំងពីរសហការគ្នា។
បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថារយៈពេល ១០ ឆ្នាំហើយ ដែលធនាគារជប៉ុន SMBCបានសហការជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ គឺបង្កើតការិយាល័យសារជីវកម្មអន្តរជាតិរបស់ធនាគារអេស៊ីលីដា ដើម្បីអាចឱ្យធនាគារផ្តល់សេវាកម្មដល់សហគ្រាសធំៗពិសេស សហគ្រាសជប៉ុននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១២ កន្លងទៅ។
បណ្ឌិត អ៉ិន ចាន់នី បានបន្តបញ្ជាក់ថា សម្រាប់គោលដៅសហប្រតិបត្តិការរវាងធនាគារទាំងពីរ គឺដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រីក្រុមប្រឹក្សាភិបាលរហូតដល់ភាគទុនិក ដោយធនាគារបានសហការគ្នាបានល្អណាស់។ ហើយបន្ទាប់ពីចុះអនុស្សរណៈជាមួយគ្នារួចហើយធនាគារជប៉ុន SMBC បានចូលហ៊ុន និងបានកាន់កាប់ភាគហ៊ុនចំនួន ១២.២៥ ភាគរយនៅឆ្នាំ ២០១៤ និងបង្កើនហ៊ុនរហូតដល់ទៅ ១៨.២៥ ភាគរយរហូតមកដល់បច្ចុប្បន្ន។
បណ្ឌិត អ៉ិន ចាន់នី បានមានប្រសាសន៍ថា ចំពោះការិយាល័យសារជីវកម្មអន្តរជាតិនៅពេលចុះអនុស្សរណៈនៅឆ្នាំ ២០១២ មានអតិថិជនតែ ៩ ពាន់ខ្នាតសារជីវកម្ម ដែលមានទឹកប្រាក់ប្រមាណ ៤០០ លានដុល្លារអាមេរិក។ ប៉ុន្តែមកដល់សព្វថ្ងៃចំនួនអតិថិជនបានកើនដល់ ២១ ពាន់ ខ្នាតសាជីវកម្មមានទឹកប្រាក់ ២ ពាន់លានដុល្លារអាម៉េរិក។ ក្រៅពីពង្រឹងធនធានតាំងពីថ្នាក់វិជ្ជាជីវៈរហូតដល់ភាគទុនិក ធនាគារបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ដោយខាងភាគីជប៉ុនបានរៀបចំទស្សនកិច្ចមួយឱ្យខាងធនាគារអេស៊ីលីដា ទៅមើលធនគារBPTNមួយ ដែលបានកាន់កាប់ភាគហ៊ុនច្រើន នៅប្រទេសឥណ្ឌូណេស៊ី ក្នុងការបង្កើតអេប ឌីជីថល។
បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា បន្ទាប់ពីបានពិភាក្សាគ្នារួចមកធនាគារទាំងពីរ បានប្តេជ្ញាពង្រឹងភាពជាដៃគូជាមួយគ្នាបន្ថែមទៀត ដើម្បីបង្កើនដៃគូយុទ្ធសាស្ត្រដោយផ្តោតលើចំណុចធំៗដូចជាមូលនិធិការផ្គត់ផ្គង់ការលូតលាស់ និងពិនិត្យមើលបន្ថែមទៀតពាក់ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យកាន់តែទំនើបឡើងក៏ដូចជាពិនិត្យមើលហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ ដើម្បីពង្រីកបន្ថែមទៀត។លោកបណ្ឌិតបន្តថា ធនាគារទាំងពីរក៏បានរួមគ្នាទៅលើការងារចំនួន ៣សំខាន់ៗគឺទី ១ បរិស្ថាន ទី២ សង្គម និងទី ៣ អភិបាលកិច្ចសារជីវកម្ម។
បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមថា ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុមិនមែនចេះតែផ្តល់បានទទួលផលចំណេញតែមួយមុខនោះទេ គឺគិតអំពីបរិស្ថានថា «តើអ្នកទទួលសេវាពីយើងទៅប្រើប្រាស់នឹងបានប្រើទៅតាមអ្វីដែលបានឯកភាពគ្នាដែរឬទេ តើមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន គឺយើងពិនិត្យមើលចំណុចបរិស្ថាននេះ»។ ចំពោះសង្គមយើងពិនិត្យមើលទាំងអ្នកពាក់ព័ន្ធសហការី និងអតិថិជនរបស់យើងចូលរួមជាមួយគ្នា និងកម្មវិធីសង្គមផ្សេងៗដែលយើងធ្លាប់ធ្វើកន្លងមកបានល្អនិងបង្កើនការចូលរួមបន្ថែមទៀត៕