ប៉េកាំង៖ ប្រទេសចិនចាត់ទុកអាម៉េរិកជាមេនាំភ្លើងដែលជំរុញឲ្យរុស្សីបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែន បន្ថែមពីនេះចិនយល់ឃើញថា អាម៉េរិកតែងតែដើរបង្កបញ្ហានៅទូទាំងតំបន់ដុតឲ្យគេឈ្លោះគ្នាហើយអាបានលក់អាវុធរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋរុស្សី TASS។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងមូស្គូ លោក Zhang Hanhui បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាជាអ្នកនាក់នាំរឿងដុតឲ្យអ៊ុយក្រែនចូលណាតូរហូតដល់បង្ខំចិត្តឲ្យរុស្សីបើកប្រតិបត្តិការពិសេសរបស់ខ្លួនលើអតីតទឹកដីរបស់ខ្លួនអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតប្រចាំរុស្សីរូបនេះបន្តថា៖ក្នុងនាមជាអ្នកផ្ដួចផ្ដើមនិងជាអ្នកនាំភ្លើងនៃវិបត្តិអ៊ុយក្រែន អាម៉េរិកគួរតែទទួលខុសត្រូវទាំងស្រុងលើរាល់បញ្ហាកើតមានជុំវិញជម្លោះរុស្សីជាមួយអ៊ុយក្រែន។
ដោយឡែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីខែកុម្ភៈ ដើម្បីជួបជាមួយប្រធានាធិបតីចិន Xi Jinping ខណៈដែលរថក្រោះរុស្ស៊ីកំពុងដាក់ពង្រាយនៅតាមព្រំដែនអ៊ុយក្រែន ដោយយល់ព្រមនូវអ្វីដែលរដ្ឋទាំងពីរបានសាទរថាជាភាពជាដៃគូ "គ្មានដែនកំណត់" ប្រសើរជាងសម្ព័ន្ធមិត្តសង្គ្រាមត្រជាក់ណាមួយ ។
នៅក្នុងបទសម្ភាសន៍ លោក Zhang បញ្ជាក់ថា ទំនាក់ទំនងចិន-រុស្ស៊ីបានចូលដល់ "ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកំណត់ដោយការជឿទុកចិត្តគ្នាទៅវិញទៅមក កម្រិតខ្ពស់បំផុតនៃអន្តរកម្ម និងសារៈសំខាន់ជាយុទ្ធសាស្ត្រដ៏អស្ចារ្យបំផុត"។
លោកបានរិះគន់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi កាលពីសប្តាហ៍មុនទៅកាន់កោះតៃវ៉ាន់ថា សហរដ្ឋអាមេរិកកំពុងព្យាយាមអនុវត្តយុទ្ធសាស្ត្រដូចគ្នានៅអ៊ុយក្រែន និងតៃវ៉ាន់ ដើម្បីស្តារឡើងវិញនូវស្មារតីនៃសង្រ្គាមត្រជាក់ ទប់ស្កាត់ប្រទេសចិននិងរុស្សី និងបង្កឲ្យមានការប្រកួតប្រជែងអំណាចធំៗ និងការប្រឈមមុខដាក់គ្នាហើយសំងំកើបយកផលចំណេញតាមក្រោយ៕