Yearendyearend1140x150
Img 0571

GMAC៖ការបញ្ជាទិញ«សម្លៀកបំពាក់»ពីលោកខាងលិចធ្លាក់ចុះខ្លាំងគួរអោយបារម្ភ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) លោក ខេន លូ 

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសំដែងក្តីបារម្ភអំពីការធ្លាក់ចុះការបញ្ជាទិញពីបណ្តាប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ចម្បងរបស់កម្ពុជា បន្ទាប់ពីសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានរាយការណ៍អំពីការធ្លាក់ចុះ និង ការកែប្រែនៅក្នុងកិច្ចសន្យាបញ្ជាទិញ។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) លោក ខេន លូ បានលើកឡើងថា បរិយាកាសសកលដែលមិនស្ថិរភាពនិងភាពទំនងកាន់តែខ្លាំងឡើងនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសលោកខាងលិច ដែលមានអ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗបំផុតមួយចំនួនរបស់កម្ពុជាបានបណ្តាលឲ្យមាន«ក្តីបារម្ភធ្ងន់ធ្ងរអំពីស្ថានភាពនាំចេញសម្រាប់ឆមាសទី២»។

លោកបានថ្លែងថា សមាជិកមួយចំនួនក្នុងចំណោម«សមាជិកជាច្រើន»ដែលបានរាយការណ៍អំពីការធ្លាក់ចុះនិងការកែប្រែនៅក្នុងការបញ្ជាទិញ បានស្នើសុំដំបូន្មានពីក្រុមការងារច្បាប់របស់សមាគមអំពីនីតិវិធីសម្រាប់ការព្យួរផលិតកម្មដោយផ្នែក។

លោក លូ បានបញ្ជាក់ថា សមាគមកំពុងធ្វើការ«សិក្សាវាស់ស្តង់ធំមួយក្នុងចំណោមសមាជិកទាំងអស់»ដើម្បីវាស់ស្តង់ស្ថានភាពឲ្យបានសុក្រឹតជុំវិញការបញ្ជាទិញ។

លោកបានចង្អុលបង្ហាញថា ឥឡូវនេះនិយោជក«កំពុងប្រឈមថ្លៃពលកម្មខ្ពស់» រួមជាមួយនឹងការបង់ភាគទានទៅរបបសន្តិសុខសង្គមផ្នែកសោធនសម្រាប់កម្មករនិយោជិតវិស័យឯកជនដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា និងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យដែលនឹងត្រូវកំណត់ ហើយចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ។

លោកបន្តថា៖ «ការកើនឡើងការចំណាយទ្វេដងនេះ គឺវាធ្ងន់ធ្ងរគ្រប់គ្រាន់ហើយដែលត្រូវបារម្ភ ដោយមិនទាន់និយាយអំពីបញ្ហាដទៃៗទៀតដូចជាការចំណាយខ្ពស់លើថ្លៃភស្តុភារ និងការចំណាយខ្ពស់ជាងមុនសម្រាប់អនុលោមភាព ដែលកំពុងកើនឡើង[ជាប្រចាំឆ្នាំ]» ដែលធ្វើឲ្យកើនឡើងដោយសារការទាមទាររបស់អ្នកបញ្ជាទិញ។

លោកបានទឡ្ហីករថា ខណៈកំណើនការនាំចេញជាធម្មតាត្រូវបានចាត់ទុកថាមានលក្ខណៈវិជ្ជមាន តួលេខនេះអាចធ្វើឲ្យមានការភាន់ច្រឡំ ហើយគិតថាជាចំណូលសុទ្ធរបស់អាជីវកម្ម បន្ទាប់ពីការចំណាយទាំងអស់ត្រូវបានកាត់។

លោក លូ បានថ្លែងថា «តាមស្ថិតិ ប្រាក់ចំណេញរបស់វិស័យនេះកំពុងធ្លាក់ចុះខ្លាំង ដោយឆ្លុះបញ្ចាំងពីអនុបាតនៃតម្លៃបន្ថែមធៀបនឹងប្រាក់ឈ្នួលបូកនឹងចំណាយពាក់ព័ន្ធពលកម្មដទៃៗទៀត»។

ជាឧទាហរណ៍ មានតែ៣៩ភាគរយនៃក្រុមហ៊ុនក្នុងប្រទេសកម្ពុជាប៉ុណ្ណោះដែលទទួលបានប្រាក់ចំណេញកាលឆ្នាំមុន ៤៣ភាគរយខាត ខណៈ១៨ភាគរយរួចខ្លួន។ លោកបានថ្លែងយ៉ាងដូចនេះដោយយោងទៅលើការសិក្សាមួយរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO)។

«នេះគឺពហុវិស័យនៅក្នុងកម្មន្តសាល។ នឹងមានភាគរយកាន់តែទាបជាងនេះទៀតប្រសិនបើសម្លឹងមើលជាក់លាក់លើវិស័យរបស់យើង។ ហើយកម្ពុជាគឺស្ថិតនៅក្រោម៦០%នៃមធ្យមភាគតំបន់»។

លោកបានផ្តល់ជាយោបល់ថា តទៅមុខទៀត កម្ពុជាត្រូវតែចាត់វិធានការសកម្មជាមុននិងប្រុងប្រយ័ត្នចំពោះបញ្ហាដែលអាចធ្វើឲ្យមានសម្ពាធការចំណាយច្រើនជាងមុនទៅលើក្រុមហ៊ុន។ លោកបានបន្ថែមថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរឆ្នាំ២០២២ ២០២៧ ដែលត្រូវបានដាក់ចេញកាលពីខែមីនា ត្រូវតែ«ដើរតាមឲ្យបានលឿនដើម្បីការពារមិនឲ្យមានការធ្លាក់ចុះ ដែលមានលក្ខណៈពិតណាស់»។

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងឆមាសទីមួយនៃឆ្នាំនេះមានចំនួន៦,៦ពាន់លានដុល្លារ កើនឡើង៤០ភាគរយពីចំនួន៤,៧២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលឆ្នាំមុន។ «ផលិតផលធ្វើដំណើរ»រួមមាន វ៉ាលី កាបូបស្ពាយក្រោយ កាបូបយួរដៃ កាបូបលុយ និងផលិតផលស្រដៀង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង