Cctimesw1140xh150cm copy

យុវជន រិទ្ធ នីវិសាលស្ណុ«ឈ្នះមេដាយមាស»ក្នុងការប្រឡងCopernicus Olympiad លើកទី៣

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជន រិទ្ធ នីវិសាលស្ណុ កាលពីថ្ងៃទី១៨ កក្កដា បានចូលរួមប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងនៅសកលវិទ្យាល័យ កូឡុំបៀ (Columbia University) នាទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដែលការប្រកួតប្រជែងបានប្រព្រឹត្តទៅនៅថ្ងៃទី២១ កក្កដា។ ជាលទ្ធផល យុវជន រិទ្ធ នីវិសាលស្ណុ បានឈ្នះមេដាយមាស ក្នុងកម្រិតថ្នាក់ទី១១ នៅក្នុងការប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad លើកទី៣។

វិសាល បានប្រាប់ស៊ីស៊ីថាមស៍ថា ខ្លួនមានអារម្មណ៍រំភើប និងមានមោទនភាពលើខ្លួនឯង ដែលបានឈ្នះមេដាយមាស ទោះបីមានបទពិសោធន៍ជាមួយការប្រកួតប្រជែងពីមុនពិតមែន ប៉ុន្ដែកម្មវិធី Copernicus Olympiad នេះ ជាកម្មវិធីថ្មីសម្រាប់ខ្លួន ដែលបានធ្វើនៅសហរដ្ឋអាម៉េរិក។ ជាពិសេសនោះ គឺវិញ្ញាសារនៃការប្រឡង បានរៀបចំដោយសហរដ្ឋអាម៉េរិក។

វិសាល បានបន្ដថា មុនពេលប្រឡងមានការព្រួយបារម្ភលើការប្រឡង ព្រោះមិនដឹងថាវិញ្ញាសារនៃការប្រឡងនៅកម្រិតណា ជាពិសេសអំឡុងពេលប្រឡងមានការជួបសិស្សដែលមកពីប្រទេសដ៏ទៃទៀត ដែលធ្វើឱ្យខ្លាចចាញ់សិស្សទាំងនោះ។ នៅក្នុងការប្រឡងនេះ ពិបាកជាងការប្រឡងនៅក្នុងកម្មវិធីផ្សេងទៀត មានទាំងសំណួរដែលជ្រើសរើសចម្លើយ និងលំហាត់ដែលត្រូវសម្រាយបញ្ជាក់ទៀត។

វិសាល បានបន្ដទៀតថា នៅពេលទៅដល់សហរដ្ឋអាម៉េរិក មានការពិបាកក្នុងសម្របខ្លួនជាមួយបរិយាកាសថ្មី ម្ហូបអាហារ ជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យមានផលប៉ះពាល់ខ្លះដែរ ទៅលើការគេង ប៉ុន្ដែនៅពេលដល់ថ្ងៃប្រឡង ក៏មិនផលរំខានអ្វីទៀតដែរ។

វិសាល បានឱ្យដឹងទៀតថា ការរៀននៅសាលា គួរតែយកចិត្តទុកដាក់រៀនសូត្រជាមួយលោកគ្រូអ្នកគ្រូ។ ប៉ុន្ដែពេលនៅផ្ទះ ជាពេលវេលាមួយដែលល្អ នៅក្នុងការធ្វើស្វ័យសិក្សាដោយខ្លួនឯង លើមុខវិជ្ជាទាំងអស់ ដោយបែងចែកពេលវេលាស្មើៗគ្នា។ លើកលែងតែមុខវិជ្ជាមួយចំនួនដែលគិតថា នៅខ្សោយនៅឡើយ ដែលគួរតែចំណាយពេលលើវាច្រើនជាងមុខវិជ្ជាដ៏ទៃទៀត។

វិសាល បានបន្ថែមថា កម្មវិធីដែលបានចូលរួមប្រកួតដំបូងគឺកម្មវិធី SASMO នៅពេលរៀនថ្នាក់ទី៩ នៅពេលនោះ បានឈ្នះមេដាយសំរិត។ ចាប់តាំងពីពេលនោះមក ក៏បានចូលរួមប្រកួតប្រជែងផ្សេងទៀតជាបន្ដបន្ទាប់។ រហូតមកដល់បច្ចុប្បន្ន វិសាល បានចូលរួមប្រកួតប្រជែងប្រមាណជា ២០ការប្រកួត ដែលក្នុងនោះ បានឈ្នះមេដាយមាសចំនួន០៨ មេដាយប្រាក់ចំនួន០៣ និងមេដាយសំរិទ្ធចំនួន០៤។

វិសាល បានបន្ថែមទៀតថា ទៅថ្ងៃអនាគតមានបំណងរៀនជំនាញវិស្វកម្មមេកានិច ដោយសារនៅកម្ពុជា កំពុងខ្វះធនធានមនុស្ស ជាពិសេសនៅក្នុងជំនាញវិស្វកម្មមេកានិច។ វិស្វកម្មមេកានិច អាចនាំឱ្យមានការអភិវឌ្ឍច្រើនទៅលើ មនុស្សយន្ដ និងគ្រឿងយន្ដផ្សេងៗ ដែលនៅកម្ពុជានៅមានកម្រិតនៅឡើយ។

វិសាល បាននិយាយថា កម្មវិធីប្រកួត ដែលធ្វើឱ្យខ្លួនមានមោទនភាពជាងគេ គឺការចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Copernicus Olympiad ព្រោះវាជាការប្រឡងអន្ដរជាតិ និងជាការប្រកួតមួយដែលខ្លួនបានទៅបរទេសផ្ទាល់ ជាពិសេសគឺបានឈ្នះមេដាយមាស នៅក្នុងកម្មវិធីនេះ។ កម្មវិធីមួយទៀតនោះ គឺការប្រកួតជាក្រុម ជាមួយមិត្តភក្ដិលើមុខវិជ្ជារូបវិទ្យា ដែលកម្មវិធីនោះរៀបចំដោយក្រសួងអប់រំ។

គួរបញ្ជាក់ថា យុវជន រិទ្ធ នីវិសាលស្ណុ មានអាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យឬស្សីកែវ។ វិសាល បានឈ្នះមេដាយមាស ក្នុងការប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad លើកទី៣ ក្នុងកម្រិតថ្នាក់ទី១១។ វិសាលធ្លាប់បានចូលរួមប្រកួតប្រមាណជា ២០ប្រកួត ដែលក្នុងនោះ វិសាល បានឈ្នះមេដាយមាសចំនួន០៨ មេដាយប្រាក់ចំនួន០៣ និងមេដាយសំរិទ្ធចំនួន០៤៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង