(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ហង់ជួន ណារ៉ុន នៅថ្ងៃទី១៤ ខែកុម្ភ: នេះបានធ្វើបាឋកថា ស្តីពីកំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនដល់គ្រូឧទេ្ទស និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងនាយកសាលាគរុកោសល្យទូទាំងប្រទេស និងបុគ្គលិកអប់រំ។
បាឋកថានេះរៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ក៏ដូចជាសមត្ថភាពសិស្សានុសិស្សឲ្យមានភាពរីកចម្រើននៅក្នុងយុគសម័យឌីជីថល។ ការអភិវឌ្ឍភាសាខ្មែរ និងភាសាបរទេសលើបំណិនទាំងបួន (ការស្តាប់ ការនិយាយ ការអាន និងការសរសេរ) ឱ្យបានច្បាស់លាស់ សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ និងការប្រាស្រ័យទាក់ទងក្នុងការរស់នៅប្រចាំថ្ងៃ ការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានសមត្ថភាពវាយតម្លៃលើលទ្ធផលសិក្សារបស់សិស្ស។
គោលដៅមួយទៀតនៃការធ្វើបាឋកថានេះគឺដើម្បីពង្រឹងសមត្ថភាពគ្រូ ក៏ដូចជាសិស្សទៅលើបច្ចេកវិទ្យា ព្រោះបច្ចេកវិទ្យាបានផ្លាស់ប្តូរលក្ខណៈនៃចំណេះដឹងជាច្រើន។ និងការពង្រឹងស្មារតីស្រឡាញ់ ការពារនិងកសាងជាតិមាតុភូមិ និងពូជសាសន៍របស់ខ្លួន ដោយអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដោយឈរលើច្បាប់ជាតិនិងអន្តរជាតិ។
មួយវិញទៀតគឺការលើកកម្ពស់គុណតម្លៃជាមូលដ្ឋាននិងបង្កើនចំណេះដឹងឱ្យទូលំទូលាយស្តីពីសេដ្ឋកិច្ច នយោបាយ ប្រវត្តិសាស្រ្ត វប្បធម៌ សាសនា ជាតិសាសន៍ អត្តសញ្ញាណជាតិ និងបរិស្ថានរបស់ប្រទេសខ្លួនប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ការអប់រំជាពលរដ្ឋសកម្មនិងពលរដ្ឋសកល ប្រកបដោយចីរភាព និងសន្តិសហវិជ្ជមានជាមនុស្សជាតិ។
ជារួមបាឋកថាខាងលើនេះ ជាផ្នែកមួយនៃបាឋកថាប្រចាំខែ ស្តីពីប្រធានបទពាក់ព័ន្ធផ្សេងៗ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា ដោយបន្ស៉ីទៅនឹងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្ត៕