Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃសន្យាផ្ដល់អាហារូបករណ៍ផ្នែកវិស្វកម្មនិងបច្ចេកទេសដល់មន្រ្តីរាជការកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា)

ភ្នំពេញ៖ ថៃសន្យាផ្ដល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងគ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជា សម្រាប់ចូលរៀនផ្នែកវិស្វកម្ម និងមហាវិទ្យាល័យសម្រាប់បណ្តុះបណ្តាលគ្រូបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅមហាវិទ្យាល័យល្បីឈ្មោះចំនួនពិររបស់ខ្លួន។ ការបសន្យានេះ ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម Anek Laothamatas រដ្ឋមន្រ្តីក្រសួងអប់រំ វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍(MHESI) នៃព្រះរាជាណាចក្រថៃ មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តម Anek Laothamatas បានលើកឡើងពីការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសថៃ ដោយបញ្ជាក់ថា នៅថៃ មានសាលារៀនសម្រាប់ត្រៀមចូលរៀនផ្នែកវិស្វកម្ម និងមហាវិទ្យាល័យសម្រាប់បណ្តុះបណ្តាលគ្រូបច្ចេកទេស និងវិជ្ជាជីវៈ មានឈ្មោះល្បីល្បាញចំនួនពីរ គឺមហាវិទ្យាល័យតិចណូឡូជីរាជមង្គល និងមហាវិទ្យាល័យតិចណូឡូជីព្រះចមក្លាវ ដូចនេះបើសិនជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា មានការចាប់អារម្មរណ៍អាចធ្វើការបញ្ជូនមន្ត្រីទៅរៀនបាន។

ឯកឧត្តម Anek Laothamatas បានសន្យាផ្តល់អាហារូបករណ៍តាមរយៈ មហាវិទ្យាល័យដ៏ល្បីល្បាញចំនួនពីររបស់ថៃខាងលើនេះ ដល់មន្ត្រីរាជការ និងគ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជា កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ិត សំហេង បានបង្ហាញអារម្មណ៍រីករាយដែលខាងភាគីថៃបានផ្តល់អាហារូបករណ៍មកដល់កម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយឯកឧត្តមជឿជាក់ថា គ្រប់វិស័យទាំងអស់នៃប្រទេសទំាងពីរដែលបានធ្វើកន្លងមកជាមួយគ្នា កាន់តែមានការរីកចម្រើនលូតលាស់ បន្ថែមទៀត។

ជាចុងក្រោយភាគីទាំងពីរ ពេញចិត្តនឹងបន្តកិច្ចការសំខាន់ៗជាមួយគ្នា ដោយឱ្យក្រុមបច្ចេកទេសនៃភាគីទាំងពីរដើម្បីបន្តទំនាក់ទំនងធ្វើការជាមួយគ្នា ក្នុងការឈានទៅរៀបចំឲ្យមានអនុស្សរណៈយោគយល់គ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង