
ភ្នំពេញ៖ មន្ដ្រីក្រសួងការបរទេសចិន និងជប៉ុន ត្រូវបានគេរាយការណ៍អាចស្កាត់ជួបគ្នាជជែកពីបញ្ហាក្នុងតំបន់នៅទីក្រុងភ្នំពេញ នៅថ្ងៃទី ៤ សីហាខាងមុននេះ ក្នុងពេលដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់នៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM ) និង កិច្ចប្រជុំពាក់ព័ន្ធ។
យោងតាមប្រភពរាយការណ៍ជាច្រើនពីប្រទេសជប៉ុន ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi គ្រោងនឹងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយគ្នាដែលធ្វើឡើងនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី ៤ សីហាខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារទាំងពីរកំពុងសម្របសម្រួលជំនួបនេះ។
បើតាមសេចក្តីរាយការណ៍ដដែល បានអះអាងថា ជំនួបនេះរៀបចំឡើងស្របពេលដែលប្រទេសចិន និង ជប៉ុន រៀបចំខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-ជប៉ុននឹងបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទៅវិញទៅមករវាងជប៉ុន និង ចិនផងដែរ។
យោងតាមស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាថ្ងៃទី២ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ចំណែកជប៉ុនមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជាពេលនេះ ចំពេលដែលពិភពលោកលេចចេញបញ្ហាច្រើនជាពិសេស បញ្ហាភូមា រឿងកោះតៃវ៉ាន់ជាមួយចិន សង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី និង ជំងឺរាតត្បាតកូវីដដែលមិនទាន់ចប់នៅឡើយ៕