
ម៉ានីល៖ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំមួយនៅភាគខាងជើងប្រទេសហ្វីលីពីនបានកើនឡើងដល់ ១០ នាក់ហើយបន្ទាប់ពីសាកសពចំនួន ៤នាក់ផ្សេងទៀតត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក ខណៈការរញ្ជួយដីនៅតែបន្តកក្រើកជុំវិញតាមតំបន់ភ្នំមួយចំនួន។
បើតាមការិយាល័យការពារជនស៊ីវិលខេត្តបានប្រាប់ AFP ថា ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុង Luba ក្នុងខេត្ត Abra បានព្យាយាមស្វែងរកសាកសពជនរងគ្រោះដែលត្រូវបានគ្រោះរញ្ជួយដីបានឆក់យកជីវិតបន្ទាប់ពីការស្វែងរកអស់មួយរយះទើបសមត្ថកិច្ចពាក់ព័ន្ធអាចរកឃើញសាកសពនៃជនរងគ្រោះ។
អាជ្ញាធរបានបន្ថែមថាមនុស្សជាង ១៥០ នាក់បានរងរបួសដោយគ្រោះរញ្ជួយដីដ៏ខ្លាំងនេះបានបោកបក់ពាសពេញតំបន់ភ្នំ ដោយបានបំផ្លាញផ្ទះរាប់ពាន់ខ្នង ក៏ដូចជាការដួលរលំអគារ និងប៉ះពាលតំបន់ហានិភ័យរាប់រយគីឡូម៉ែត្រពីរដ្ឋធានីម៉ានីល។
នាយកដ្ឋានសុខុមាលភាពសង្គមបាននិយាយថា ឧទ្ធម្ភាគចក្រយោធាកំពុងហោះហើរជំនួយអាហារ និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ផ្សេងទៀតទៅកាន់តំបន់ ដែលមនុស្សជិត ៥,០០០ នាក់នៅតែស្ថិតក្នុងមណ្ឌលជម្លៀស។
គួរបញ្ជាក់ថាប្រទេសហ្វីលីពីនតែងតែមានការរញ្ជួយដីដោយសារតែទីតាំងរបស់ខ្លួននៅលើមហាសមុទ្រប៉ាស៊ីហ្វិក "Ring of Fire" ដែលជាតំបន់នៃ រញ្ជួយខ្លាំងដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍និងឆ្លងកាត់អាងប៉ាស៊ីហ្វិក៕