ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៧ ត្រូវបានប្រមុខរដ្ឋស្ដីទីសម្តេច សាយ ឈុំ ដំឡើងពីអនុប្រធាន ទៅជាប្រធានរាជបណ្ឌិតសភាកម្ពុជា ជំនួសលោកជំទាវ ខ្លូត ធីតា ទៅតាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ថ្ងៃនេះ ជាខួប៥ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំងរូបលោក។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកឋានៈ និង តួនាទីនេះ មិនមែនជាលាភសក្ការៈ ឬគ្រឿងលម្អនោះទេ ពោលវាគឺជាអម្រែក។សម្រាប់អ្នកជំនាញរូបនេះ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ លោកបានទទួលបានគ្រប់រសជាតិ គឺស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង គឺដើម្បីឱ្យស្ថាប័នមានដំណើរការ។
លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា "ថ្ងៃនេះ ជាខួប៥ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្ត តែងតាំងរូបខ្ញុំ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខ្ញុំបាទ ទទួលបានគ្រប់រសជាតិ គឺស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង គឺដើម្បីឱ្យស្ថាប័នមានដំណើរការ ព្រោះឋានៈ តួនាទីមិនមែនជាលាភសក្ការៈឬគ្រឿងលម្អទេ តែវាជាអម្រែក"។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលជាផ្លូវការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕