
ភ្នំពេញ៖គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២២នេះ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន ១ ៣៧៤ លានដុល្លារអាម៉េរិក បានកើនឡើង ៣៨,២៣% បើប្រៀបធៀបនឹងឆ្នាំមុន។ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋខ្មែរបានជិត ៣០,០០០ កន្លែង។
យោងតាមរបាយការណ៍ពីក្រសួងការងារ បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាម៉េរិក ចិន និងអាស៊ីអាគ្នេយ៍ សរុបចំនួន១៧០ បង្កើតឱកាសការងារជិត ៣០ ០០០កន្លែង។
បើតាមរបាយការណ៍ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាន១ ៣៧៤ លានដុល្លារអាម៉េរិក បានកើនឡើង៣៨,២៣% បើប្រៀបធៀបនឹងឆ្នាំ២០២១។
លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកឡើងថា សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុនសីហនុវីល ស្ពេសល អ៊ីខននើមី ហ្សីន (តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ) នឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ៕
