
ភ្នំពេញ៖ ការចរចាស្វែងរកដំណោះស្រាយលើករណីប្រេងឆៅរបស់កម្ពុជា ចំនួនជិត ៣០ ម៉ឺនប៉ារ៉ែល ដែលនាវាឈ្មោះ MT Strovolos បានលួចដឹកចេញពីកម្ពុជា គ្រោងបញ្ចប់ក្នុងពេលឆាប់ៗនេះ ក្រោយភាគីពាក់ព័ន្ធ បានចូលតុពិភាក្សាចរចារគ្នាដើម្បីសម្របសម្រួលលើផលប្រយោជន៍ដែលភាគីនីមួយៗទទួលបាន។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និង ជាអ្នកនាំពាក្យក្រសួងរ៉ែ និង ថាមពល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការចរចាដោះស្រាយ«ប្រេងឆៅ»របស់ប្រទេសកម្ពុជា ភាគីពាក់ព័ន្ធបានឈានចូលដល់តុពិភាក្សាចរចារគ្នា ដើម្បីជជែកពីការបែងចែកផលប្រយោជន៍ដែលទទួលបានពីការលក់ប្រេងឆៅរបស់កម្ពុជា។
លោកថ្លែងថា "បញ្ហាគឺការបែងចែកផលប្រយោជន៍ដែលអាចលក់ប្រេងឆៅកម្ពុជាហើយ បែងចែកផលប្រយោជន៍ពីចំណូលប្រេងណឹងទៅតាមការព្រមព្រៀងគ្នា។ប៉ុន្តែអ្វីដែលខ្ញុំបានបញ្ជាក់នេះ វាគ្រាន់តែជាសញ្ញាវិជ្ជមាន តែការងារនេះមិនទាន់ចប់ហើយសុំឱ្យរង់ចាំការសម្រេចសិន"។
សូមបញ្ជាក់ថា ក្រុមហ៊ុន World Tankers Management Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយនៃ KrisEnergy Group ដើម្បីធ្វើជានាវាស្តុកទុក និងផ្ទេរប្រេងឆៅពីតំបន់អប្សរាប្លុក A ក្នុងដែនសមុទ្រកម្ពុជា។កាលពីខែមិថុនា ឆ្នាំ២០២១ នាវា MT Strovolos បានលួចដឹកប្រេងទើបនឹងបូមប្រមាណជិត៣០ម៉ឺនបារ៉ែលពីកម្ពុជា។ប៉ុន្តែ ក្រុមហ៊ុន World Tankers Management បានបដិសេធថា មិនបានលួចដឹកប្រេងរបស់កម្ពុជានោះទេ ព្រមទាំងទាមទារឲ្យអាជ្ញាធរឥណ្ឌូនេស៊ីដោះលែងនាវិករបស់ខ្លួនមកវិញ។
បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន KrisEnergy នៅប្លុកA កម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះ ហើយកំពុងពិភាក្សាការងារជាមួយក្រុមហ៊ុនថ្មីមួយទៀតមកពីប្រទេសកាណាដា ដើម្បីចៀសវាងនូវកំហុសខុសឆ្លងដែលកើតមានឡើង។ ការសិក្សារបស់ក្រុមហ៊ុនថ្មីមួយនេះ ជិតដល់ពេលវេលាមកពិភាក្សាគ្នាជាមួយក្រសួងហើយ ដោយការងារនេះក្រសួងនឹងបង្ហាញលទ្ធផលនៅពេលខាងមុខ៕