681 ezgif.com resize
Swift cc time

គូស្នេហ៍បរទេស រៀបការតាមប្រពៃណីខ្មែរព្រោះស្រឡាញ់វប្បធម៌-ប្រពៃណីខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
អ្នកស្រី លីនស៊ី ខេនណេឌី និងស្វាមី លោក ណេតថាន់ សោត

ភ្នំពេញ៖ គូស្នេហ៍ជនជាតិបរទេសមួយគូរ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ កាលពីថ្ងៃទី២៥ កក្កដា ក្រោយរស់នៅលើទឹកដីកម្ពុជាអស់រយៈពេល ៧ឆ្នាំ។ បន្ថែមពីនេះទៀត ទីក្រុងភ្នំពេញ ហាក់បីដូចជាផ្ទះរបស់ពួកគេ ទើបបានជាពួកគេចង់រៀបការនៅទីនេះ ដោយមានមិត្តភក្ដិនៅកម្ពុជាអាចចូលរួមបាន និងគ្រប់កម្មវិធីនៃអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ សុទ្ធតែមានអត្ថន័យ ដូច្នេះហើយទើបពួកគេសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរ។

អ្នកស្រី លីនស៊ី ខេនណេឌី បានប្រាប់ស៊ីស៊ីថាមស៍ថា អ្នកស្រីមកពីប្រទេសអង់គ្លេស និងបានស្គាល់គ្នាជាមួយគ្រួសាររបស់អ្នកស្រីនៅកម្ពុជា អំឡុងពេលលោក ណេតថាន់ សោត ដែលមកពីប្រទេសស្កុដឡេន បានធ្វើការចុះកម្មសិក្សានៅកម្ពុជា នៅក្នុងឆ្នាំ២០១៥។

អ្នកស្រី ខេនណេឌី បានឱ្យដឹងថា អ្នកស្រី និងគ្រួសារ បានមករស់នៅ នៅកម្ពុជាអស់រយៈពេលជាយូរ ដែលធ្វើឱ្យអ្នកស្រី និងគ្រួសារ មានមិត្តភក្ដិជាជនជាតិខ្មែរជាច្រើន និងដោយស្រឡាញ់ប្រទេសកម្ពុជាជាខ្លាំង ផងនោះ ទើបអ្នកស្រី និងគ្រួសារ ចង់បង្ហាញពីការគោរព ស្រឡាញ់ វប្បធម៌ និងប្រពៃណីខ្មែរ ដោយការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរ។

អ្នកស្រី ខេនណេឌី បានឱ្យដឹងទៀតថា ទីក្រុងភ្នំពេញហាក់បីដូចជាផ្ទះរបស់គាត់អញ្ចឹង ហើយកម្ពុជាមានវប្បធម៌ និងប្រពៃណីដ៏ស្រស់ស្អាត ទើបអ្នកស្រីសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរ និងមានមិត្តភក្ដិរបស់អ្នកស្រី ទាំងខ្មែរ និងបរទេស បានមកចូលរួមប្រមាណជា ៦០នាក់។

អ្នកស្រី ខេនណេឌី បានបន្ដថា មិត្តភក្ដិរបស់អ្នកស្រី ឈ្មោះ ធីតា បានរៀបចំពីធីទាំងមូល ទាំងការរៀបចំផ្កា ភ្លេងខ្មែរ និងសម្លៀកបំពាក់ ដោយអ្នកស្រីមិនបានដឹងថា មិត្តភក្ដិរបស់អ្នកស្រីបាននឹងកំពុងតែរៀបចំពីធីរៀបអាពាហ៍ពិពាហ៍ឱ្យអ្នកស្រីឡើយ។ មិត្តភក្ដិរបស់អ្នកស្រី ថែមទាំងជាអ្នកអញ្ជើញភ្ញៀវ រៀបចំឱ្យមានការសម្ដែងរបាំអប្សរា និងរៀបចំឱ្យគ្រួសាររបស់អ្នកស្រីជិះស៊ីក្លូ នៅក្នុងពិធីនេះជាដើម។

អ្នកស្រី ខេនណេឌី បានបន្ថែមថា អ្នកស្រីពិតជាសំណាងដែលមានឱកាសរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរ ហើយសប្បាយចិត្តជាខ្លាំងដែលមិត្តភក្ដិ ទាំងខ្មែរ និងបរទេស បានមកចូលពិធីរៀបអាពាហ៍ពិពាហ៍ដ៏សំខាន់នេះ ដែលធ្វើឱ្យពិធីនេះ ជាពិធីរៀបអាពាហ៍ពិពាហ៍ដ៏អស្ចារ្យបំផុត៕

អ្នកស្រី លីនស៊ី ខេនណេឌី និងមិត្តភក្ដិ ឈ្មោះ ធីតា


Khcct banner

អត្ថបទទាក់ទង