
កណ្តាល៖ ការដំាបន្លែនៅស្រុកស្អាង ខេត្តកណ្តាល បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ឆ្នាំ២០២១ ស្រុកស្អាងផលិតកម្មបន្លែកើនឡើង ដល់ចំនួន ៥ ១៦៩ ហិកតា ទទួលបានបរិមាណផលចំនួន ១១៥,៥៥ តោន/ថ្ងៃ ។នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងថា សហគមន៍កសិកម្មទូទាំងខេត្តកណ្ដាលមាន ៧០សហគមន៍ ក្នុងនោះ សហគមន៍ មានមុខរបរ ផ្តោតលើ បន្លែសុវត្ថិភាពមានចំនួន ១៥សហគមន៍ និង សហគមន៍ ផ្ដោតលើដំណាំស្វាយមាន ០២ សហគមន៍។
បើតាមលោក ប៊ុនទួន ស៊ីម៉ូណា នៅស្រុកស្អាងមានសហគមន៍កសិកម្ម ចំនួន១២បណ្ដុំ អាជីវកម្មចំនួន ៣៥បណ្តុំ ក្នុងនោះមានសហគមន៍ចំនួន៥ និងបណ្ដុំអាជីវកម្មចំនួន ១៨បណ្ដុំ កំពុងធ្វើសកម្មភាពពាក់ពន្ធ័ទៅនឹងផលិតកម្មបន្លែសុវតិភាព ( GAP និង បន្លែសរីរាង្គស្តង់ដា PGS)។ ឆ្នាំ២០២១ ស្រុកស្អាងផលិតកម្មបន្លែកើនឡើង ដល់ចំនួន ៥ ១៦៩ ហិកតា ទទួលបានបរិមាណផល ១១៥,៥៥ តោន/ថ្ងៃ ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្លាប់បានអះអាងថា កសិករនៅស្រុកស្អាង មានកិច្ចសន្យាប្រមូលទិញ និង ផ្តល់ធាតុចូលចំនួន៣០កិច្ចសន្យា តាមរយៈក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ហើយ ក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្មមួយចំនួនទៀតជូនដល់ប្រជាកសិករខ្មែរនៅតំបន់នេះ។ដូច្នេះហើយបានជាជួយជំរុញដល់កសិករនៅទីនោះសន្ទុះដាំបន្លែមានការកើនឡើង ដោយមានការជំរុញទំាងសក្តានុពលដាំដុះ និង ទីផ្សារ។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ការរៀបចំចងក្រង បណ្ដុំអាជីវកម្ម និងសហគមន៍បន្លែសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅក្នុងសហគមន៍ រក្សាបានទីផ្សារជូនកសិករ។រដ្ឋបាលខេត្ត បានជំរុញការផ្សព្វផ្សាយការប្រើប្រាស់ថ្នាំផ្សំពីធម្មជាតិ ជីធម្មជាតិ ឬជីសរីរាង្គ កាត់បន្ថយ ថ្លៃដើមផលិត និងធានាសុខភាព អ្នកប្រើប្រាស់ អ្នកហូប និង បរិស្ថានធម្មជាតិ៕