
រូបភាព៖ ក្រសួងពាណិជ្ជកម្ម)
ភ្នំពេញ៖ កម្ពុជា-អូស្រ្តាលី មានកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាមួយគ្នានេះភាគីទាំងពីរបានប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ ការប្ដេជ្ញានេះត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ជាពិសេសលើវិស័យកិច្ចការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC)។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះសមភាគីអូស្រ្តាលីដែលបានផ្តល់ការគាំទ្រដល់កម្ពុជាក្នងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចសហការដ៏ល្អ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិប ផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្តា្រលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ជាពិសេសកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTA ដែលជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ក្នុងឆ្នាំ២០២២។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអគ្គរាជទូត បានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

